ព័ត៌មាន
ក្រសួងវប្បធម៌ ទទួលរូបថតទេវនាដនិម្មិត ឯម ធាយ វីរៈសិល្បកររបាំព្រះរាជទ្រព្យពីអ្នកថតរូបអាល្លឺម៉ង់មករក្សាទុក
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រូបថតទេវនាដនិម្មិត ឯម ធាយ វីរៈសិល្បកររបាំព្រះរាជទ្រព្យ ជូនទៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពីអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដើម្បីរក្សាទុក។

ពិធីប្រគល់-ទទួលនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ជ្រោយចង្វារ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Mitterer Stefan ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រូបថតប្រគល់ជូនក្នុងន័យជាការ គោរពដឹងគុណចំពោះការលះបង់របស់ ទេវនាដនិម្មិត ឯម ធាយ ក្នុងបុព្វហេតុសិល្បៈរបាំជាតិ ក៏ដូចជាធនធានសម្រាប់ការសិក្សាដល់សិល្បករជំនាន់ក្រោយ ដែលសិល្បករថតរូបមានភ័ព្វសំណាងបានសេពគប់ជាមួយលោកយាយប្រមាណជាង២០ឆ្នាំ មុនពេលលោកយាយទទួលមរណភាព។
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦។ លោកបានរៀនសូត្រ និងស្រឡាញ់ប្រជាជនកម្ពុជា និងវប្បធម៌ ដោយចាប់ផ្តើមដោយការស្រលាញ់ និងការគោរពយ៉ាងជ្រាលជ្រៅ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបរស់នៅប្រពៃណី ទំនៀមទម្លាប់ សិល្បៈ និងវប្បធម៌របស់ប្រជាជនកម្ពុជា។

លោកបានបង្ហាញពីការកោតសរសើរ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះរបាំបុរាណកម្ពុជា។ សេចក្តីស្រឡាញ់នេះគឺចំពោះអ្នករបាំបុរាណកម្ពុជាទាំងអស់។ ក្នុងចំណោម អ្នករបាំដ៏ល្បីល្បាញ ដែលបានស្លាប់ទៅហើយ និងជាទ្រព្យសម្បត្តិ មនុស្សជាតិ ដ៏មានជីវិត របស់របាំព្រះរាជទ្រព្យ នៃប្រទេសកម្ពុជា គឺលោកស្រី ឯម ធាយ។ លោកស្រី ធ្លាប់បានអនុញ្ញាតឲ្យលោក Arjay Stevens សម្ភាសន៍ លោកស្រី នៅផ្ទះរបស់លោកស្រី។ តាមរយៈឱកាសនេះលោក Arjay បានដឹងអំពីជីវិតដ៏ថ្លៃថ្នូររបស់លោកស្រី ដំណើរសិល្បៈ និងទុក្ខវេទនាដែលលោកស្រី បានស៊ូទ្រាំ ក្នុងរបបខ្មែរក្រហម។ លោកគ្រូ ឯម ធាយ គឺជាអ្នករបាំ ម្នាក់ក្នុងចំណោមអ្នករបាំ ដែលបានរួចផុតពីសម័យកាលដ៏សោកនាដកម្ម ហើយបានបន្តការលះបង់ ដ៏យូរអង្វែងរបស់លោកស្រីចំពោះសិល្បៈ ដោយបន្តចំណេះដឹងដ៏មានតម្លៃរបស់លោកស្រី ដល់ អ្នករបាំជំនាន់ក្រោយរហូតដល់ចុងបញ្ចប់នៃជីវិតរបស់លោកស្រី។ ដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ លោក Arjay Stevens បានបរិច្ចាគរូបថតទាំងអស់របស់លោកពីការតាំងពិព័រណ៍ធំៗពីរ ដែលមួយបានប្រារព្ធឡើងនៅសារមន្ទីរជាតិកម្ពុជា និងមួយទៀតនៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្នុងឆ្នាំ២០១៥ ដល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការប្រមូលរូបថតយ៉ាងទូលំទូលាយនេះបម្រើជាការបំផុសគំនិត និងជាគំរូសម្រាប់និស្សិតរបាំវ័យក្មេង។ លើសពីនេះ រូបថតទាំងនេះនឹងត្រូវបានបង្ហាញដល់សាធារណជន ដើម្បីផលប្រយោជន៍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ។ ការប្រមូលនេះមានរូបថតសរុបចំនួន ៦៦ សន្លឹក រួមទាំងរូបថតសខ្មៅចំនួន ៣០ សន្លឹក និងរូបថតពណ៌ចំនួន ៣៦ សន្លឹក ក៏ដូចជារូបថតផ្សព្វផ្សាយចំនួន ៤ សន្លឹក (សខ្មៅចំនួន ៣ សន្លឹក និងពណ៌ចំនួន ១ សន្លឹក)។

លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ បានមានប្រសាសន៍ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ទម្រង់សិល្បៈ នេះមានប្រវត្តិផ្សាភ្ជាប់ទៅនឹងព្រះបរមរាជវាំង។ ប្រជាជនកម្ពុជា និងអ្នកស្រលាញ់របាំទាំងឡាយនៅលើពិភពលោកគាំទ្រនូវទម្រង់សិល្បៈនេះណាស់ ដោយហេតុថារបាំនេះស្ទើរតែបាត់បង់ទៅហើយ នៅក្នុងសម័យខ្មែរក្រហមដ៏យង់ឃ្នង។ របាំព្រះរាជទ្រព្យតំណាងឲ្យគុណតម្លៃឆ្នៃប្រឌិត ការគោរព និងសេចក្តីសុខ ផ្លូវចិត្ត ដែលមានតាំងពីយូរលង់ណាស់មកម្លេះ ព្រមទាំងភាពសម្បូរបែបនៃសិល្បៈរបស់ខ្មែរតាមរយៈរឿង និទានផ្សេងៗ មានទាក់ទងនឹងដើមកំណើតរបស់ជនជាតិខ្មែរ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណត្រូវ បានអង្គការយូណេស្កូទទួលស្គាល់ថាជាមរតកវប្បធម៌អរូបីនៃមនុស្សជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា