ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិ ប្រកាសប្តូរស្លាកសញ្ញាថ្មី ក្រោយមានការបញ្ជាទិញយន្តហោះថ្មីៗ ជាច្រើនគ្រឿងថែមទៀត
នៅថ្ងៃទី១៥ ខែមករានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ពិធីសម្ពោធស្លាកសញ្ញា និងការរចនាលើតួអាកាសយានថ្មី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរថ្មីៗជាច្រើនគ្រឿងទៀតពីអាមេរិច និងចិន។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បានថ្លែងថា ការផ្លាស់ប្តូរស្លាកសញ្ញា និងការរចនាលើតួអាកាសយានថ្មីនេះ គឺបានបញ្ជាក់នូវតួនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លើការបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ព្រមទាំងឆ្លុះបញ្ចាំងនូវភាពរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។
ឯកឧត្តម បញ្ជាក់ថា រចនាលើតួអាកាសយានថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងម៉ាំ និងការទទួលខុសត្រូវ។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា ទន្ទឹមនឹងការប្តូរស្លាកសញ្ញា និងការរចនាលើតួអាកាសយានថ្មីនេះ ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏មានការចុះហត្ថលេខាអនុសារណៈនៃការយោគយល់គ្នាដើម្បីទទួលបានអាកាសយានប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអ៊ីង របស់សហរដ្ឋអាមេរិច និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន ព្រមទាំងបានពង្រីកជើងហោះហើរថ្មីៗទៀតជាច្រើនផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលភិបាលបារំាង និងក្រុមហ៊ុនផលិតអាកាសយានATRបារាំង ដែលបានជួយជ្រោមជ្រែងលក់អាកាសយានថ្មីទំនើបចុងក្រោយបំផុត ប្រភេទ ATR72-600 ចំនួនបីគ្រឿងឲ្យមកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា គឺមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៣៦ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការយ៉ាងសកម្ម ដោយបានតភ្ជាប់ជើងហោះហើរកម្ពុជា នៅក្នុងតំបន់ និងទៅកាន់សកលលោកចំនួន៥២ទីក្រុង ដែលមាន១៨ប្រទេស និងតំបន់រដ្ឋបាលពិសេស ហើយទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន៧លាននាក់ កើនឡើង១២% ប្រៀបធៀបឆ្នាំ២០២៤៕ អត្ថបទ ស៊ុម សុខជា

















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន