ព័ត៌មាន
ប្រជាជនភៀសសឹក ២២០៥គ្រួសារ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២២០៥ គ្រួសារ មកពីតាមបណ្តាខេត្តចំនួន៥ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូបបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកចំនួន២២០៥គ្រួសារ (ស្មើនឹង៦៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះមានមកពីខេត្ត ឧត្តរមានជ័យចំនួន១.៩១៧គ្រួសារ, បន្ទាយមានជ័យ១៧៤គ្រួសារ, បាត់ដំបង១៨គ្រួសារ, ប៉ៃលិន៤គ្រួសារ និង ព្រះវិហារ១គ្រួសារផងដែរ។
យោងតាមរបាយការណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារភៀសសឹកសរុបចំនួន ២០៩៦គ្រួសារ ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិតសម្រាល មាតា និងទារកសរុបចំនួន១០០៨នាក់ ដោយបានផ្តល់ជូនអំណោយជាសម្ភារៈ និង ថវិកាមួយចំនួន។ ដូច្នេះការរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជានាថ្ងៃនេះ គឺពិតជាបានបញ្ជាក់ឱ្យឃើញនូវសមានចិត្ត ការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចប្រធាន កាកបាទក្រហមកម្ពុជា សម្រាប់ប្រជាជនភៀសសឹកកំពុងស្នាក់នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប ហើយវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសដ៏វិសេសវិសាលនេះ គឺជាការលើកទឹកចិត្ត ក្នុងស្មារតីមនុស្សធម៌ ដើម្បីបម្រើឧត្តមប្រយោជន៍សេវាសាធារណៈស្របតាមផែនការរបស់រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និង សូមសម្តែងនូវកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះវីរៈភាព និង សកម្ម ភាពមនុស្សធម៌ សម្រាប់ប្រជាជនកម្ពុជា នាពេលកន្លងមក និងទៅថ្ងៃអនាគតពុំអាចកាត់ថ្លៃបាន។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាជនភៀសសឹកទាំងអស់នាឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែង ចំពោះលោកយាយ លោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែង ព្រាត់ប្រាសក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បាននាំនូវព្រះរាជបន្ទូល និង ព្រះសវណីយ៍ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ របស់បង-ប្អូនប្រជានុរាស្ត្រ នៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួប លោកយាយ លោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធានបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ រាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹក រស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឱ្យបាត់បង់សេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងការសិក្សារបស់កូនៗ ចៅៗ។ ដោយមើលឃើញពីទុក្ខលំបាកទាំងអស់នេះហើយ ទើបថ្ងៃនេះ កក្រក បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនជូនបងប្អូន ដើម្បីជួយសម្រាលជីវភាពបានមួយគ្រាផងដែរ។
ពាក់ព័ន្ធនិងបញ្ហាសុខភាពវិញ សម្ដេចកិត្តិព្រឹទ្ធ ប៊ុនរានី ហ៊ុនសែន បានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅតាមតំបន់ភៀសសឹក ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអានាម័យ និងពិសារទឹកដាំឆ្អិនជានិច្ច។ ត្រូវប្រយ័ត្នចំពោះកុមារតូចៗលេងទឹក ដែលមាននៅជិតៗកន្លែងស្នាក់នៅ នាំឱ្យគ្រោះថ្នាក់ជាយថាហេតុ ម្យ៉ាងទៀត រដូវនេះជារដូវរងា ត្រូវស្លៀកពាក់ និងដណ្តប់ភួយ រុំកន្សែង រឺក្រមា ឱ្យកូនៗតូចៗ រឺចាស់រាជ ខ្លាចក្រែងកើតជំងឺផ្តាសសាយ សូមប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារប្រសើរជាងព្យាបាល»។ ចំពោះសុខភាពមាតា និងទារកវិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យផ្ទៃពោះ តាមការកំណត់របស់ពេទ្យ យ៉ាងតិចបួនដងមុនពេលសម្រាល បើទោះបីជាខ្លួន ធ្លាប់បានសម្រាលកូនទី១ ឬ ទី២ ឬទី៣ មិនមានបញ្ហាអីក៏ដោយ ត្រូវទៅរកគ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ដើម្បីការពារអាយុជីវិត និងសុខភាពម្តាយ និងកូន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ នៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។
ប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើបនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ពួកគាត់ ដោយមិនមានការរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែងដូចក្នុងឱកាសនេះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ឆៃប៉ូវ២កំប៉ុង (ស្មើនឹង ២គីឡូក្រាម), ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា១ដប, ភេសជ្ជៈបាកាស៦កំប៉ុង, ឃីត (សារុង១ ក្រមា១ មុង២ ភួយ២) ១ឃីត, នំប៉័ង ១ដើម, ទឹកបរិសុទ្ធ១ដប និងថវិកា៣ម៉ឺនរៀល។
ដោយឡែកបន្ថែមពីលើការផ្តល់អំណោយជូនប្រជាជនភៀសសឹកចំនួន ២២០៥គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ស្បៀង និង សម្ភារ ៧៩៥ឈុត (ស្មើនឹង ៧៩៥គ្រួសារ), ភួយចំនួន ៣០០០ភួយ, មុងអង្រុតចំនួន ៥០០មុង, ទឹកបរិសុទ្ធ វី-អាកទីវចំនួន ៣០០០កេស និងភេសជ្ជៈ វី-កូឡា ចំនួន ៣០០០កេស ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ទៅតាមការចាំបាច់ផងដែរ ដែលពិធី ប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ នៅសាលាខេត្តសៀមរាប។
សូមបញ្ជាក់ថា ស្បៀង សម្ភារ និង ថវិកាខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ ភួយ ជាអំណោយរបស់ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC), មុងអង្រុត និងភួយ ជាអំណោយរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា, ភេសជ្ជៈបាកាស ជាអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង និង លោកជំទាវ ស៊ីម សុនិមល, នំប៉័ងនិងទឹកសុទ្ធ ជាអំណោយរបស់ សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
សូមជម្រាបជូនផងដែរថា ឆ្លៀតក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ ក៏បានអញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅក្នុង វត្តបូទុម្មរតនញ្ញាណ (ហៅវត្តស្រណាល) ដែលនៅជិតនោះ ក្នុងនោះទេយ្យទានសម្រាប់ប្រគេនវត្តរួមមាន៖ អង្ករ២០០គីឡូក្រាម, មី២០កេស, ត្រីខ៣កេស, សាច់ក្រក១០គីឡូក្រាម, ត្រីងៀត១០គីឡូក្រាម, ឆៃប៉ូវ២០កំប៉ុង (ស្មើនឹង២០គីឡូក្រាម), ប្រេងឆា២កេស (ស្មើនឹង២៤ដប), ស្ករស២០គីឡូក្រាម, ទឹកដោះគោខាប់២កេស, កាហ្វេហ្គោរូស១០ថង់ (ស្មើនឹង៥០០កញ្ចប់តូច), តែ១០គីឡូក្រាម, ភេសជ្ជៈ វី-កូឡា១០កេស, ទឹកបរិសុទ្ធ វី-អាកទីវ១០កេស, និងថវិកា៥លានរៀល។ ដោយឡែកប្រគេនព្រះចៅអធិការវត្ត សាដក១ និងបច្ច័យ១លានរៀល, ប្រគេនព្រះសង្ឃគង់អម៦អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ៤០ម៉ឺនរៀល ព្រមទាំងជូនតាអាចារ្យ៤នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល និងជូនតាជីយាយជី១៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា៥ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម









-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥