ព័ត៌មាន
វិនិយោគិនចិន បានសម្រេចចិត្តភ្លាមៗលើការវិនិយោគបន្ទាប់ពីមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសចិន ជាសមាជិកសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បានសម្រេចចិត្តភ្លាមៗលើបណ្តាក់ទុនវិនិយោគភ្លាមៗ បន្ទាប់ពីមកទស្សនកិច្ចឈ្វេងយល់ដោយផ្ទាល់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
លោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦, លោកបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ និងបានជម្រាបជូនថាគណៈប្រតិភូដែលអញ្ជើញមកកម្ពុជានាពេលនេះ សុទ្ធតែមាន បំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក លាំង សុងស៊ូ បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បាន ដឹកនាំក្រុមហ៊ុនជាច្រើន មកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ ចំណែកនាពេលនេះ ក្រុមហ៊ុនដែលជា សមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគម្រោងបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈ ការិយាល័យ និងថាមពលកកើតឡើងវិញ។
ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់ លើវិធានការការពារបរិស្ថាន និងបានផ្តល់ អនុសាសន៍ណែនាំដល់ ប្រតិភូ គិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យ នៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ ម្សាងទៀត, ដើម្បីធានាដល់ខ្សែច្រវាក់ ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល សម្រេចនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពី នេះ គឺការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ដែលកំពុងមានសក្តានុពលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច