Connect with us

ព័ត៌មាន

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់ទទួលរងការបំពុល ហើយ​មិន​បង្កការ​បំពុល​ដល់​ប្រទេសជិតខាងនោះទេ

កម្ពុជា​មិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈ​វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ ត្រូវបានផ្សព្វផ្សាយនិងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។ នេះ​ជា​ការ​លើក​ឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុង​ពិធី​ផ្សព្វ​ផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ ដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ខេត្ត​ រដ្ឋបាលក្រុងពោធិ៍សាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យពោធិ៍សាត់។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល​មាន​សសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយគ្នានេះ ទាក់ទង​នឹង​ភាព​ស្អាត​ ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាម​រោង​ចក្រ​ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាព​ខ្យល់​ក្នុង​ប្រទេស​កម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

ជា​ក់​ស្តែងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារ​ការ​ប្រែ​ប្រួល​ធាតុ​អាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។ កន្លងមកនេះ ក្រសួង​បរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈ​ឧបករណ៍ និង​ស្ថានីយ​តាម​ដាន​គុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​តាម​ផ្កាយ​រណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមា​ន​រថយន្ត​ត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។

ឧបករណ៍ និង​ស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់​ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3​។ ​លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មានស្តីពីគុណភាពខ្យល់សាធារណៈនោះទេ។ ព័ត៌មាន​ស្ដីពី​គុណភាព​ខ្យល់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​និង​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​២៤​ម៉ោង​លើ​២៤​ម៉ោង ​ក្នុងប្រទេសកម្ពុជា លើវេបសាយរបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh/home ​និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយ​ទំព័រ​ផេក​ហ្វេស​ប៊ុក​របស់ក្រសួងបរិស្ថាន និងរបស់មន្ទីរបរិស្ថានទូទាំងប្រទេស រួមជាមួយសារព័ត៌មាន​មួយ​ចំនួន​បន្ថែម​ទៀត​។

សូមបញ្ជាក់ថាការចុះផ្សព្វផ្សាយជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ នាពេលនេះ បាន​រៀប​ចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូច​មានចែងនៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និង​កាត់​បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សំដៅ​លើក​កម្ពស់​គុណ​ភាព​ខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែ​ន​កម្ពុជា-ថៃ និងខេត្តគោលដៅមួយចំនួនទៀត ចាប់ពីខែមករាដល់ខែ មេសា ឆ្នាំ​២០២៦​។

ក្រសួងបរិស្ថានស្នើសុំឱ្យមានការចូលរួមពីសាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមសារាចរ​ណែនាំ​លេខ​០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជា​ពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់​ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជា​ប្រភព​ធ្វើ​ឱ្យ​គុណ​ភាព​ខ្យល់​ធ្លាក់​ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia