ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ «ជាកិត្តិយសធំធេងនៅពេលនិយាយពីសន្ដិភាព ពិភពលោកនឹកដល់កម្ពុជាភ្លាម ខណៈប្រធានាធិបតីអាមេរិកអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព»
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អញ្ជើញផ្លូវការរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចមួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំបានគូសបញ្ជាក់ថា គឺជាកិត្តិយសសម្រាប់ឯកឧត្តមក្នុងការអញ្ជើញសម្តេចធិបតីក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។
ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ឃើញថា លិខិតអញ្ជើញផ្លូវការរបស់ធានាធិបតី ដូណាល់ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជាគឺជាប្រទេសតូចមួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូ និងលះបង់យ៉ាងខ្ពស់បំផុតដើម្បីទទួលបានសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពមច្បងមួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្តថា សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជាតែងតែទន្ទេញជាប់មាត់។ ពាក្យថា «អរគុណសន្តិភាព»ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីដើម្បីជាការដឹងគុណ ជាការចងចាំ និងចូលរួមថែរក្សាការពារ ខណៈដែលស្មារតីស្រឡាញ់សន្តិភាពបានចាក់ឬសកាន់តែជ្រៅទៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថាមានសារសំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។
«គឺក្នុងន័យនេះហើយដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព និងនយោបាយឈ្នះឈ្នះដល់ពិភពលោក តាមរយៈវេទិកាអន្តរជាតិជាច្រើនក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ នេះគឺជាហេតុផលដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ កិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ។
ចុងក្រោយនេះ នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព»(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូច មួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម៕



-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ