ព័ត៌មាន
សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។

“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាព និងបានគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក។
សម្តេចប្រធានរដ្ឋសភាបានស្នើឯកអគ្គរដ្ឋទូតបន្តជំរុញអ្នកវិនិយោគ អ្នកទេសចរពីសាធារណរដ្ឋកូរ៉េមកកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណនៃប្រទេសយើងទាំងពីរបានគូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។ ជាមួយគ្នានេះសម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិបាលកិច្ច។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។

ឯកឧត្តម គីម ឆាងយ៉ុង បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េបាននឹងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA)។
ឯកឧត្តមបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូតខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េកំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមសហការជាមួយកម្ពុជា នៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗនេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការច្បាស់លាស់ និងតឹងរ៉ឹងជាទីបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ។ រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើរបស់ភាគីសាធារណរដ្ឋកូរ៉េក្នុងការដាក់ស្នើបេក្ខភាពជាអគ្គលេខាធិការ(IPU) អាណត្តិថ្មីនេះ៕






-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ