ព័ត៌មាន
កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់គាំទ្រក្រុម AOT ដើម្បីធានាតម្លាភាពសង្កេតការណ៍បទឈប់បាញ់កម្ពុជា-ថៃ
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ដោយបានគាំទ្រ និងសហការណ៍យ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីធានានូវតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលកើតឡើងដោយសារការវាយប្រហារដោយប្រដាប់អាវុធរបស់យោធាថៃដោយបំពានមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ដោយបានគាំទ្រ និងសហការណ៍យ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីធានានូវតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលកើតឡើងដោយសារការវាយប្រហារដោយប្រដាប់អាវុធរបស់យោធាថៃដោយបំពានមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តមបន្តថា ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។ ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។

ចាប់តាំងពីដើមខែមករាឆ្នាំ ២០២៦ មក ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) តាមរយៈការសម្របសម្រួលពីក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនៅទីតាំងនានាតាមបណ្តាខេត្តជាប់ព្រំដែន ក្នុងនោះដូចជា៖
ខេត្តពោធិ៍សាត់៖នៅតំបន់អូរភ្លុកដំរី, ច្រកជ័យជំនះ, មណ្ឌលសុខភាពហ៊ុន សែន ថ្មដា។
ខេត្តឧត្តរមានជ័យ៖ នៅស្ពានអូរជីក, តំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ និងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
ខេត្តបន្ទាយមានជ័យ៖ តំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ,តំបន់ច្រកបឹងត្រកួន និងចុះសង្កេតការណ៍និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួកផងដែរ។
ខេត្តព្រះវិហារ៖ ចុះពិនិត្យនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត និងតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយុត្តិធម៌ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងគោរព អនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តមបានបន្តថា ការគាំទ្រនិងផ្តល់សារសំខាន់ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ធ្វើឡើងស្របតាមស្មារតីនៃចំណុចទី១២ (ផ្នែកទី២) នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែល ចែងថា ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និង ឯកភាពគ្នាពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ នេះសបញ្ជាក់ច្បាស់ថា កម្ពុជាពិតជាមានឆន្ទៈគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយស្មោះត្រង់ តម្លាភាព និងយុត្តិធម៌ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាអ្នកផ្ទៀតផ្ទាត់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើឱ្យមានប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន និងធានាការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបន្តថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕


-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ