ព័ត៌មាន
រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស
បាត់ដំបង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅ ដើម្បីឱ្យបងប្អូនពលករងាយស្រួលក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើការនៅប្រទេសថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារបានឡើយ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពីប័ណ្ណ ប.ស.ស. រួមមាន៖ (១)សេវាព្យាបាលឥតគិតថ្លៃ៖ ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់។ (២)ប្រាក់សោធននិវត្តន៍៖ ការធានានូវប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរាដូចមន្ត្រីរាជការ។ (៣)ការគាំពារមាតា និងទារក៖ ទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។
ស្របតាមការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស (TVET ១.៥ លាននាក់)។ ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធន៍ស្រាប់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨ មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។
ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីធានាថាបងប្អូនទទួលបានឧត្តមភាព និងសេចក្ដីថ្លៃថ្នូរ
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬស្វែងរកការងារ សូមទាក់ទងមកកាន់ Hotline ១២៩៧ ឬ ១២៨៦ សម្រាប់ព័ត៌មាន ប.ស.ស.៕














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន