ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA)។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។
តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌ អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។
ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថាសហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា នៅពេលដែលកម្ពុជាឈានទៅមុខឆ្ពោះទៅរកអនាគតដែលគ្មានមីន កម្ពុជានឹងត្រូវផ្តោតកាន់តែខ្លាំងលើភាពជាម្ចាស់ ភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រង និងនិរន្តរភាព ដើម្បីជួយធានាផលប្រយោជន៍យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន