ព័ត៌មាន
វិចារណកថាក្រសួងបរិស្ថាន៖ ភាពខុសគ្នានៃលទ្ធផល PM2.5 ដែលទទួលបានពីផ្កាយរណប និងឧបករណ៍វាស់នៅលើដី
ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ
PM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមានទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ(ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារតែវាមានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រប្រើវិធីពីរដើម្បីវាស់ PM2.5 គឺ ការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាងណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។
១.ការវាស់ដោយប្រើឧបករណ៍នៅលើដី – ការវាស់ដោយផ្ទាល់
ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់ដែលមនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុង ជិតផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែ ការដំឡើង និងថែទាំឧបករណ៍ទាំងនេះមានតម្លៃថ្លៃ ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់ឆ្ងាយ។
២.ការវាស់ដោយផ្កាយរណប – ការប៉ាន់ស្មានពីលើអាកាស
ផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និងភាគល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth – AOD) ជះត្រឡប់ ឬស្រូបពន្លឺព្រះអាទិត្យ (តើពន្លឺព្រះអាទិត្យត្រូវបានធូលីក្នុងអាកាសបាំង ឬជះត្រឡប់មកវិញកម្រិតណា)។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រប្រើរូបមន្តស្មុគស្មាញដើម្បីប៉ាន់ស្មានកម្រិត PM2.5 នៅផ្ទៃដី។ អត្ថប្រយោជន៍សំខាន់នៃផ្កាយរណបគឺ វាអាចគ្របដណ្តប់តំបន់ធំៗ និងជួយវាស់ការបំពុលខ្យល់នៅកន្លែងដែលគ្មានស្ថានីយវាស់នៅលើដី។ ទោះជាយ៉ាងណា ដោយសារវាមិនវាស់នៅផ្ទៃដីដោយផ្ទាល់ លទ្ធផលអាចមានភាពមិនត្រឹមត្រូវខ្លះ។
៣.មូលហេតុភាពខុសគ្នានៃលទ្ធផលវាស់កម្រិត PM2.5 ដោយឧបករណ៍វាស់លើដី និងដោយផ្កាយរណប – មូលហេតុមួយសំខាន់ដែលធ្វើឱ្យលទ្ធផល PM2.5 ពីផ្កាយរណប និងឧបករណ៍នៅលើដីខុសគ្នា គឺ៖
– ទីតាំង៖ ឧបករណ៍នៅលើដីបង្ហាញស្ថានភាពការបំពុលនៅកន្លែងតូចមួយ ខណៈដែលផ្កាយរណបបង្ហាញជាមធ្យមលើតំបន់ធំ។ ដូច្នេះ ផ្កាយរណបអាចមិនចាប់បានតំបន់ដែលមានការបំពុលខ្លាំង ដូចជាជិតផ្លូវធំ ឬរោងចក្រ
– ពេលវេលា៖ ឧបករណ៍នៅលើដីវាស់បានពេញមួយថ្ងៃ ខណៈដែលផ្កាយរណបឆ្លងកាត់តំបន់មួយតែម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវការអាកាសធាតុល្អគ្មានពពក។ ដូច្នេះ វាអាចខកខានព្រឹត្តិការណ៍បំពុលខ្លះៗ ដូចជាការកកស្ទះចរាចរណ៍ ឬផ្សែងពីអគ្គិភ័យ
– លក្ខខណ្ឌអាកាសធាតុ៖ អាចប៉ះពាល់ដល់លទ្ធផលពីផ្កាយរណប។ ឧទាហរណ៍ សំណើមខ្ពស់ ឬពពក អាចធ្វើឱ្យការបំពុលមើលទៅខ្លាំងជាងការពិត ខណៈឧបករណ៍នៅលើដីមិនរងឥទ្ធិពលពីបញ្ហានេះច្រើនដូចផ្កាយរណបទេ។
ទោះបីជាលទ្ធផលពីវិធីទាំងពីរមានភាពខុសគ្នា ការវាស់ដោយផ្កាយរណប និងឧបករណ៍នៅលើដីសុទ្ធតែមានសារៈសំខាន់។ ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ។ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាងមុនអំពីគុណភាពខ្យល់ និងជួយការពារសុខភាពសាធារណៈបានល្អប្រសើរឡើង៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន