Connect with us

ព័ត៌មាន

អាជ្ញាធរអគ្គិសនី ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​ស្ថានីយ​បញ្ចូលថាមពលបន្ថែម

អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួ​ម​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។

អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាង​កញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុ​ញ​ការ​អភិវឌ្ឍ​ស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់​យាន​យន្ត​អគ្គិសនី​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ ០៣៨៩ រថ.បគ​អថ​.​ប្រក ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និង​បញ្ញត្តិ​លើ​ការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនី ។ គោលការណ៍ និង​នីតិវិធីនេះ មានគោលបំណង៖ ១.លើកកម្ពស់​ការ​អភិវឌ្ឍ​ការ​បញ្ចូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនី​មានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើន​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្តអគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់​ស្ថានី​យ​បញ្ចូល​ថា​មពលឱ្យយានយន្តអគ្គិសនីឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃ​សមរម្យ និង៣. គ្រប់គ្រងការ ទទួលយក​ថាមពល​របស់​យាន​យន្ត​អគ្គិសនី​បញ្ចូល​ក្នុង​អាគុយ​ឱ្យ​មាន​សុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។

ក្នុងគោលបំណងរួម, ដើម្បីអនុវត្តគោលការណ៍នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ស្នើ​សុំ​អ្នក​កាន់​អាជ្ញា​បណ្ណ​ធ្វើ​សេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំង អស់ ពិនិត្យលទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​នៅ​ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្ត អគ្គិសនី ជាពិសេស​យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។ បញ្ហានេះអគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី-ខេត្តទាំង២៥ ដែល​ស្ថានីយទាំងនោះ នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុង ពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia