ព័ត៌មាន
ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦
ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ នឹងអាចសម្រេចបានក្នុងអត្រា ៥% គាំទ្រជាចម្បងដោយវិស័យ កម្មន្តសាល, កំណើនវិស័យទេសចរណ៍, កំណើនវិស័យកសិកម្ម និងការងើបឡើងសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ។
ជុំវិញស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦, ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើន ៣,១% ទាបជាងឆ្នាំ២០២៥ ៣,២% ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនិងដ្ឋកិច្ច ភាពផុយស្រួយនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការព្រួយបារម្ភពីចីរភាពសារពើពន្ធ និងការកើនឡើងហានិភ័យ ពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ប្រទេសអភិវឌ្ឍន៍មានកំណើន ១,៦% ប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍ ៤% និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ១,២%។ ចំណែកអត្រាអតិផរណាពិភពលោក ត្រូវបានព្យាករថា ថយចុះមក ៣,៧% នៅឆ្នាំ ២០២៦ ធៀបនឹង ៤,២% នៅឆ្នាំ២០២៥ ដោយសារតម្រូវការសកលបានថមថយ ការថយចុះថ្លៃទំនិញសកល និងឥទ្ធិពលបន្សល់ ទុកនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់ធនាគារកណ្ដាលធំៗ។
ចំពោះសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងអត្រា ៥% ដូចឆ្នាំ២០២៥, កំណើន នេះត្រូវបានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, ដែលគាំទ្រដោយតម្រូវការខាងក្រៅរបស់ដៃគូពាណិជ្ជកម្ម ជាពិសេស សហរដ្ឋអាមេរិក ការរក្សាបាននូវភាពប្រកួតប្រជែងដោយសារអត្រាពន្ធគយបដិការ ១៩% ដែលមានកម្រិតប្រហាក់ប្រហែលនឹងដៃគូ ប្រកួតប្រជែង និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ។ កំណើនវិស័យទេសចរណ៍, ដែលគាំទ្រដោយគោលនយោបាយជំរុញវិស័យ ទេសចរណ៍របស់រាជរដ្ឋាភិបាលដូចជា ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន នៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៦ ការធ្វើពិពិធ- កម្ម ទិសដៅទេសចរណ៍ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទាំងក្នុង និងក្រៅតំបន់។ កំណើនវិស័យកសិកម្ម, ដែលគាំទ្រ ដោយគោលនយោបាយ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាលរួមមាន ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម និងការរៀបចំ អភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្នុងគោលដៅប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណនិងគុណភាព និងការរងើបឡើង សន្សឹមៗនៃវិស័យសំណង់និងអចលនទ្រព្យ។
ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជា អាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេសហានិភ័យក្រៅដូចជា៖ ភាពតានតឹងនៃភូមិ សាស្ត្រនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់, ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, និងការឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែកហានិភ័យខាងក្នុងមាន៖ ភាពទន់ខ្សោយនៃវិស័យសំណង់ និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។
អត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀបនឹង ២,៥% នៅឆ្នាំ២០២៥) ដែល ក្នុងនោះ កំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀបនឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្របពេលដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរឡើងនៃវិស័យកសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់រៀលនឹងមានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយសារកំណើនផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន