ព័ត៌មាន
សហគមន៍កសិកម្មចំនួន១៧ ទទួលបានហិរញ្ញប្បទានជិត ៩លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីពង្រីកដើមទុន
គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងជាមួយនឹងសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្មចំនួន១៧ ក្នុងការទទួលបានហិរញ្ញប្បទានសរុបជាទឹកប្រាក់ជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងជាង ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២៦កន្លងទៅថា ហិរញ្ញប្បទាននេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម កែលម្អខ្សែសង្វាក់តម្លៃ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលរួមចំណែកដល់ការធ្វើពិពិធកម្ម និងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។

ឯកឧត្តម លើកឡើងបន្តថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងរបស់ក្រសួងកសិកម្ម ហើយទទួលបានថវិកាពីធនាគារពិភពលោក។ ការចុះកិច្ចព្រមព្រៀងឥណទានបំពេញបន្ថែមទុនវិនិយោគ ដែលជាការជួយគាំទ្រដល់សហគមន៍ដើម្បីទទួលបាននូវជំនួយឥតសំណងផង និងទទួលបាននូវកម្ចីឥណទានការប្រាក់ទាបផងសម្រាប់ការវិនិយោគរបស់គាត់នៅក្នុងសហគមន៍។ ឯកឧត្តម បានបន្តទៀតថា កិច្ចព្រមព្រៀងនេះបានចុះជាមួយសហគមន៍ចំនួន១៧ មកពី៨ខេត្ត ដូចជា សៀមរាប កំពង់ចាម តាកែវ និងឧត្តរមានជ័យ…។ អ្វីដែលក្រសួងជួយនេះ គឺជួយទៅលើការវិនិយោគ មានន័យថា ជួយទៅលើទុនបង្វិល ប៉ុន្តែយើងចែកជាពីររូបភាព ដែលមួយជ្រុងយើងហៅថាជំនួយឥតសំណងដែលជំនួយនេះជួយទៅលើការវិនិយោគលើអ្វីដែលជាទ្រព្យ ដូចជាផ្ទះសំណាក់ ម៉ាស៊ីន គ្រឿងចាក់ ឃ្លាំង ទីលានហាលសម្ងួតជាដើម។

លោក គង់ វ៉ុង ប្រធានសហគមន៍ចំប៉ាសែនជ័យ ខេត្តតាកែវ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា លោកពិតជាសប្បាយរីករាយខ្លាំង ដោយសារជាឱកាសទី១ដែលសហគមន៍របស់លោកបានទទួលនូវហិរញ្ញប្បទានសំណងរហូតដល់ ៤០ភាគរយ ដែលជួយឱ្យសហគមន៍របស់លោករុញការផលិតឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោកឱ្យដឹងថា ការផលិតបន្លែនៅក្នុងសហគមន៍របស់លោក សម្រាប់ឆ្នាំនេះការផលិតបានទិន្នផលល្អ និងតម្លៃមានលំនឹងល្អដែលកសិករអាចទទួលយកបាន ដោយ១ថ្ងៃសហគមន៍អាចប្រមូលបានពី ៤ទៅ៥តោន។ លោកបានបន្ថែមថាពិតជាសប្បាយចិត្ត ហើយក៏អរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ដែលបានផ្តល់ឱកាសដល់សហគមន៍របស់លោក បានចូលរួមនិងទទួលបានហិរញ្ញប្បទានឥតសំណងនេះ។ លោកបានប្តេជ្ញាធ្វើកិច្ចការនេះឱ្យបានកាន់តែប្រសើរ និងពង្រឹងសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

សូមជម្រាបជូនថា សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយហេតុផលនេះហើយទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន13 hours agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប