ព័ត៌មាន
រដ្ឋាភិបាលកម្ពុជានៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំលើវិស័យសកម្មភាពមីន និងជំរុញសកម្មភាពមីនមនុស្សធម៌ ទោះបីមានបញ្ហាប្រឈមដែលនៅសេសសល់
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (CfR5)– សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតលុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងតំណាងមូលនិធិជនពិការ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសកម្មភាពមីននៅកម្ពុជាបន្តការពារអាយុជីវិត ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងបើកឱកាសសម្រាប់ការអភិវឌ្ឍ។ ឯកឧត្តម បន្តទៀតថា ការរួមចំណែកនេះផងដែរ នឹងបញ្ជូនសញ្ញាដ៏រឹងមាំនៃសាមគ្គីភាពអន្តរជាតិជាមួយនឹងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានមីន។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ខណៈពេលដែលប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើនទសវត្សរ៍កន្លងមក ផលប៉ះពាល់ដែលនៅសេសសល់ កាន់តែមានភាពស្មុគស្មាញខ្លាំង ហើយផ្ទៃដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ ភាពតានតឹងនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កើតបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងទាមទារឱ្យបង្កើនប្រតិបត្តិការបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីនក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ។ ការប្តេជ្ញាចិត្តរបស់សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិស័យសកម្មភាពមីន នៅតែឈរជើងយ៉ាងរឹងមាំជាអាទិភាពជាតិក្នុងការគាំទ្រសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមជាដើម។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ UNDP លុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានបន្តភាពជាដៃគូ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអាទិភាពសកម្មភាពមីន និងរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា៕




-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា