ព័ត៌មាន
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ទទួលបានគាំទ្រខ្លាំង
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ជាមួយសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អាណាព្យាបាល ដែលបាននាំកូនៗតូចៗរបស់ខ្លួនចូលរួមយ៉ាងច្រើនកុះករ នៅផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីកីឡាសម្រាប់កុមារអាយុចន្លោះអាយុ ១ឆ្នាំ ដល់អាយុ ៧ឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រមទាំងវត្តមានអាណាព្យាបាល និងកុមារា-កុមារីរាប់រយនាក់ ដែលបានបង្ហាញទឹកមុខសប្បាយរីករាយក្នុងការចូលរួមព្រឹត្តិការណ៍នេះ។
យោងតាមគណៈកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនេះ មានកុមារចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខលើសពីការរំពឹងទុក បន្ទាប់ពីមានអាណាព្យាបាលជាច្រើន បានសំណូមពរស្នើសុំចុះឈ្មោះបន្ថែម តែដោយសារកត្ដាទីតាំង និងដើម្បីធានាការរៀបចំបានល្អប្រសើរ គណៈកម្មការសម្រេចទទួលការចុះឈ្មោះត្រឹម ៣៥០នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមរបស់កុមារ ពិសេសការជំរុញរបស់អាណាព្យាបាល ដែលបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ។ ទោះបីការប្រកួតកីឡា តែងមានឈ្នះមានចាញ់ តែឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រៀបចំឡើង មិនផ្ដោតលើលទ្ធផលពេកនោះទេ សំខាន់គឺការចូលរួម និងបង្ហាញនូវភាពក្លាហានរបស់កុមារ តាមរយៈសកម្មភាពកីឡា។
តាមរយៈការគាំទ្រយ៉ាងផុសផុលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមស្មារតី និងឧត្តមគិតអូឡាំពិក នឹងបន្ដរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ហើយពង្រីកការរៀបចំឲ្យបានកាន់តែធំទៀត នាឆ្នាំក្រោយៗ ជាក់ស្ដែងដោយមានសំណូមពរពីអាណាព្យាបាល នៅឆ្នាំក្រោយ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក នឹងត្រូវពង្រីកកម្រិតអាយុបន្ថែម ពីអាយុ ១ឆ្នាំ ដល់ ១០ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់កុមារកាន់តែច្រើនចូលរួមបន្ថែមទៀត។
គួរដឹងថា សម្រាប់ឆ្នាំដំបូង នៃព្រឹត្តិការណ៍កុមារអូឡាំពិក ឆ្នាំ២០២៦ មានកីឡា ១០ប្រភេទ ដូចជាកីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ក្រោយបញ្ចប់ការប្រកួត សម្រាប់កុមារទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីគណៈកម្មការរៀបចំផងដែរ៕ អត្ថបទ លី ឈុនឡា













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន