ព័ត៌មាន
កម្ពុជា-ចិននឹងរៀបចំឱ្យមានវេទិកាសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនឹងកង្វល់អ្នកវិនិយោគ
កម្ពុជា-ចិននឹងចាប់ផ្តើមរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី១ នៅក្នុងខែកុម្ភៈនេះ ដើម្បីឆ្លើយតបទៅនឹងកង្វល់ របស់អ្នកវិនិយោគដោយផ្ទាល់ និងដើម្បីធានាថា អ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ច ដែលងាយស្រួល និងអាចប៉ាន់ ប្រមាណបាន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មហាសន្និបាតប្រចាំឆ្នាំ២០២៥ ក្នុងពិធីនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង “មិត្តភាព ដែកថែប” ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍ និងបានគូសបញ្ជាក់ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រម ព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់ រវាងប្រជាជន និងប្រជាជន ក្នុងស្មារតីកសាង «សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាននាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថា ជាស្ពានតភ្ជាប់ ដ៏មានឥទ្ធិពល ដែលបានជំរុញឱ្យសហគ្រាសនៃប្រទេសទាំងពីរ ដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ” ដែលជាកម្លាំងចលករផ្លាស់ ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ” ព្រមទាំងបានបញ្ជាក់ថា តាមរយៈ កិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរួមមាន ផ្លូវថ្នល់ជាង ៣ ពាន់គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿនដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ, ក្នុងឆ្នាំ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុក ចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអំពាវនាវយ៉ាងទទូច ឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បីរុញច្រានកម្ពុជាឱ្យកាន់ តែមានភាពធន់ក្នុងយុគសម័យឌីជីថលរួមមាន ការជំរុញផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោ ល្បីៗលើទីផ្សារអន្តរជាតិ ការវិនិយោគលើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺផ្ដោតលើគុណភាព និងចីរភាព ដែលអាច ជួយឱ្យកម្ពុជា ក្លាយជាថ្នាលឡូជីស្ទីកដ៏សំខាន់នៅក្នុងច្រករបៀងមេគង្គ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ដើម្បីគាំទ្រដល់មហិច្ឆតានៃការកសាងអនាគតរួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយរាល់បញ្ហារាំងស្ទះតាមរយៈយន្តការថ្មីៗ, ឯកឧត្តមបានប្រកាសពីការ ដាក់ឱ្យដំណើរការ “វេទិកាសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន” (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅខែកុម្ភៈ ខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់៦ខែម្តង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកវិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹង បន្ថែមតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និងអាចប៉ាន់ប្រមាណបាន៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន12 hours agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប