ព័ត៌មាន
សម្តេចម៉ែប្រទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដើម្បីគាំទ្រកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ជា
ក្នុងគោលបំណងគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
លោក Denis Lurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា គិតមកដល់ពេលនេះគឺមានរយៈពេល៣២ឆ្នាំហើយ ដែលព្រះបរមរតនកោដ្ឋ និងព្រះវររាជមាតាជាតិខ្មែរ តែងតែបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជានូវព្រះរាជទ្រព្យជាប្រចាំដើម្បីជាការទ្រទ្រង់ដល់ដំណាក់កាលរបស់មន្ទីរពេទ្យ និងទៅដល់បុគ្គលិកទាំងអស់ដែលមានចំនួនសរុបជាង ២ពាន់នាក់រួចមកហើយ។
លោកអគ្គនាយក បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ជាដំណើរការបានដោយមានកិច្ចសហការគាំទ្រពីមូលនិធិគន្ធបុប្ជាស្វីស ក៏ដូចជាមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាក្តីស្រមើស្រម៉ៃមួយរបស់លោកអតីតនាយក ដែលលោកចង់ឱ្យមន្ទីរពេទ្យគន្ធបុប្ជា ជាមន្ទីរពេទ្យគ្រប់គ្រងដោយបុគ្គលិក និងគ្រូពេទ្យខ្មែរ។ លោកបន្តថា ឥឡូវនេះក្តីស្រម៉ៃរបស់លោកអតីតនាយក គឺបានសមេ្រចហើយទាំងនៅភ្នំពេញ និងខេត្តសៀមរាប គឺមន្ទីរពេទ្យបានដំណើរការដោយគ្រូពេទ្យ និងបុគ្គលិកខ្មែរទាំងអស់។
ជាមួយនឹងព្រះរាជទានរបស់ព្រះវររាជមាតាជាតិខ្មែរនេះ លោក យោគ សាមឌី នាយករង នៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា ព្រះរាជទាននេះ នឹងបន្តចូលរួមដល់ជ័យរភាពទៅដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងអស់ ដែលនឹងបន្តបេសកម្មសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ និងបន្តបេសកម្មមនុស្សធម៌ដោយទទួលបាននូវទាំងព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រីផង និងព្រមទាំងការបរិច្ចាគពីបណ្តាសាធារណៈជន ក្រុមហ៊ុន និងក្រសួង ស្ថាប័ននានាដែលបានចូលរួមការងារសង្គមនេះ។
យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។
សូមបញ្ជាក់ទៀតថា មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួនជាង ២៣ម៉ឺននាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,២ម៉ឺនករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួនជាង ១០ម៉ឺនករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ២៥, ផ្ដល់សេវាវះកាត់ទូទៅចំនួនជាង ៣ម៉ឺន ៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួនជាង ១ពាន់នាក់។ តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន19 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន