ព័ត៌មាន
ការដាក់ទូរកុងតឺន័រ បន្លាលួស រារាំងពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋានវិញ ដោយទាហានថៃ គឺផ្ទុយពីច្បាប់អន្តរជាតិ និងរំលោភអធិបតេយ្យភាពកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា ការដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យមស្បត្តិរបស់ខ្លួនបាន រួមទាំងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ គឺបានដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង និងជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត។
តាមរយៈ Press Briefing នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឡើងវិញនូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរំលោភបំពានរបស់ភាគីថៃថា ក្នុងនោះកិច្ចប្រជុំ បានទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម បានរំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
ឯកឧត្តម បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
ឯកឧត្តមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
ឯកឧត្តមបញ្ជាក់អំពីការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និង សន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
«ដូច្នេះ ការដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យមស្បត្តិរបស់ខ្លួនបាន រួមទាំងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ គឺបានដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង និងជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត និងគោរពគ្រប់ចំណុចទាំងអស់ដែលមានចែងដោយមិនអាចមើលរំលងចំណុចណាមួយបានឡើយ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕



-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក