ព័ត៌មាន
ក្រសួងអប់រំ៖ ចំនួនសិស្សចូលរៀនកើនឡើងគ្រប់កម្រិតសិក្សា សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងឱកាសសន្និបាតបូកសរុបការងារក្រសួងនៅថ្ងៃនេះថា ចំនួនសិស្សចូលរៀនក្នុងរយៈពេល១០ឆ្នាំមកនេះមានការកើនឡើងគ្រប់កម្រិតសិក្សា ចាប់រាប់ពីការអប់រំកុមារតូច រហូតការអប់រំកម្រិតឧត្តមសិក្សា។

នាឱកាសសន្និបាតបូកសរុបការងារក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រសួងអប់រំ សម្រេចបានក្នុងរយៈពេល១០ឆ្នាំមកនេះ។ ក្នុងចំណោមសមិទ្ធផលទាំងនោះ ឯកឧត្តមក៏បានបញ្ជាក់ពីការកើនឡើងនៃចំនួនសិស្សចូលរៀនជាបន្តបន្ទាប់គ្រប់កម្រិតសិក្សាផងដែរ។
ឯកឧត្តមលើកឡើងថា សម្រាប់ការអប់រំកុមារតូច អាយុ៣ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុង ពេល ១០ឆ្នាំ កន្លងមក។ កុមារអាយុ៣ទៅ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៤៤ម៉ឺននាក់នៅឆ្នាំសិក្សា២០២៥-២០២៦។ ចំពោះអត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% កើនដល់ ៧៧,៩% ។
ចំពោះការអប់រំនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ អត្រានៃការ សិក្សានៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំសិក្សា ២០២៥-២០២៦។ ជាមួយនេះ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺន នាក់នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ២ លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៥-២០២៦។
សម្រាប់ការចូលរៀននៅមធ្យមសិក្សាបឋមភូមិមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ អត្រារួមនៃ ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនពី ៥៥,១% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៥-២០២៦។ សិស្សមធ្យមសិក្សាបឋមភូមិបានកើនពី ៥សែន ៥ ម៉ឺននាក់ ដល់ ៧សែន២ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិក៏បានកើនពី ៤២% ដល់ ៦៣.៦% ។
ការចូលរៀននៅមធ្យមសិក្សាទុតិយភូមិមានវឌ្ឍនភាពប្រសើរឡើងផងដែរ ដោយអត្រារួម នៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិកើនពី ២៥,៣% នៅឆ្នាំសិក្សា ២០១៤-២០១៥ ដល់ ៤៦,៦% នៅឆ្នាំសិក្សា២០២៥-២០២៦។ សិស្សមធ្យមសិក្សាទុតិយភូមិបានកើនពី ២សែន៩ម៉ឺននាក់ ដល់ ៤សែន៥ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិបាន កើនពី ២០,៩% ដល់ ៤១,៧% ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងដែរថា និស្សិតសិក្សានៅកម្រិតឧត្តមសិក្សាក៏បានកើនឡើងពី ២៥ម៉ឺននាក់នៅ ១០ឆ្នាំមុន ឡើងមកដល់ ៣២ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅឧត្តមសិក្សា (អាយុ ១៨ ដល់ ២២ឆ្នាំ) កើនពី ៩,៩% ដល់ ១៩%៕ អត្ថបទ៖ គឹមហុក



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង