ព័ត៌មាន
គ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដាក់ឲ្យដំណើរការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ហើយសៀវភៅនេះ នឹងជាចំណែកមួយក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា ដើម្បីធ្វើឲ្យសម្រេចបានឯកសារមួយនេះ គឺមានការជួបពិភាក្សាជាច្រើនលើកច្រើនសារ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំការចុះសិក្សាដោយផ្ទាល់នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួនរបស់មន្ត្រីបច្ចេកទេស។
លោកជំទាវបានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មានការប្រមូលនូវធាតុចូលនានា ដោយធ្វើឲ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាចប្រើប្រាស់ជាបង្អែកសម្រាប់ការតាមដាន ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយតម្លៃឲ្យបានត្រឹមត្រូវ ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវសិក្សាដកពិសោធន៍សម្រេចការកែលម្អ ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃផែនការយុទ្ធសាស្ត្រជាតិ។
លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ឯកសារនេះ នឹងយកទៅប្រើប្រាស់ជាខ្នាតវាស់ និងវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ ដែលបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។
ការបង្កើតបាននូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោមការឧបត្ថម្ភគាំទ្រមូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ACEAN-ACT) ។
គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្កឡើងដោយឧក្រឹដ្ឋជនតាមរយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណងកេងប្រវ័ញ្ចលើមនុស្សដោយទុច្ចរិត ធ្វើឲ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែលជាការរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ក្នុងដែនសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស៕ អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣