ព័ត៌មាន
៤ឆ្នាំចុងក្រោយនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចម្រាញ់មាសបាន ១៨តោន ខណៈរ៉ែផ្សេងៗកំពុងក្លាយជាប្រភពចំណូលថ្មី
គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានប្រមាណ ១៨តោន ដោយវិស័យនេះកំពុងដើរយ៉ាងសំខាន់ ខណៈដែលវិស័យរ៉ែផ្សេងៗទៀត បាននិងកំពុងជាប្រភពចំណូលថ្មីរបស់ជាតិ តាមរយៈការបង្កើន ចំណូលចូលថវិកាជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋជាដើម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នេះថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែមាស រ៉ែដែក ស៊ីម៉ងត៍ ថ្មសំណង់ ថ្មអារ ខ្សាច់ ដីក្រហម អាចម៍ដី និងរ៉ែផ្សេងៗទៀត ក្នុងនោះគិតត្រឹមបំណាច់ឆ្នាំ២០២៥, វិស័យនេះមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ពាន់កន្លែង ដោយប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥%។

ចំណែកទាក់ទិនចំណូលវិញ, កម្ពុជាបានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការប្រមូលចំណូលពីវិស័យនេះ បានកំណើនពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៦ ដល់ជាង ១៣៥ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លាជាងគេ ជាក់ស្តែងគិត ត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានប្រមាណ ១៨ តោន ពោល គឺវិស័យរ៉ែ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ដែលបានលើកកម្ពស់ខឿនសេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ប្រតិបត្តិការធនធានរ៉ែ បានចូលរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈមូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងរ៉ែ និង ថាមពល ក្នុងគោលបំណងបង្កើតឱ្យមានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ ក្នុងនោះចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន មានចំនួន ១១៧ គម្រោង (រួមមានសាលារៀន ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្ដូងទឹកជាដើម)។ គម្រោងទាំងនេះត្រូវបានអនុវត្តបញ្ចប់តាមបណ្តាឃុំ/សង្កាត់ ដែលមានប្រតិបត្តិការធនធានរ៉ែទូទាំងប្រទេស និងគម្រោងចំនួន២០ កំពុងបន្តអនុវត្តដែលប្រើប្រាស់ថវិកាមូលនិធិរ៉ែប្រមាណ ១០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣