ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជា ពិភាក្សាលម្អិតជាមួយតំណាងអង្គការ WHO ដើម្បីសហការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលនាខែសីហាខាងមុខ
ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជាដែលភាគីរដ្ឋសភាដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឡោក ខេងប្រធាន , ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាមាន ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងភាគីព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានជួបប្រជុំពិភាក្សាការងារលម្អិតជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) ដឹកនាំដោយ លោកស្រី Amy Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីសហការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល នៅអំឡុងខែសីហាខាងមុខ។

ទាំងសភាកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែបានចាត់ទុកដូចគ្នាថា វេទិកាសភាសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ការទូតសភាដ៏ធំបំផុត និងសំខាន់ក្នុងឆ្នាំ២០២៦ នេះ។ ក្នុងនោះ តាមរយៈលទ្ធផលដែលកើតចេញពីវេទិកាកម្រិតតំបន់នេះ នឹងមានការប្តេជ្ញាចិត្តរួមគ្នាមួយ តាមរយៈ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រ ជាត្រីវិស័យសម្រាប់សមាជិកសភាក្នុងតំបន់ ក្នុងការរុញច្រានការប្តេជ្ញាចិត្តផ្នែកនីតិប្បញ្ញត្តិ ដើម្បីធានាឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងការឆ្លើយតបទៅនឹងវិបត្តិសុខភាពថ្មីៗនាពេលខាងមុខ។

តាមកម្មវិធីដែលបានគ្រោងទុក វេទិកា 9th APPF-GH នឹងមានការចូលរួមពីប្រតិភូសភាមកពីប្រមាណ ៣០ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើបញ្ហាសុខភាពអាទិភាព ដោយផ្តោតសំខាន់លើកិច្ចពិភាក្សាគោលនយោបាយផ្អែកលើភស្តុតាងរយៈពេល ២ថ្ងៃ ខណៈដែលការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅមូលដ្ឋាន នឹងរៀបចំធ្វើ ១ថ្ងៃដាច់ដោយឡែកផ្សេងទៀត ដើម្បីបង្ហាញពីសមិទ្ធផលសុខាភិបាលរបស់កម្ពុជា និងការលើកកម្ពស់តួនាទីសភាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានសមធម៌ និងភាពធន់ជាដើម។
ឯកឧត្តមបណ្ឌិត យស ផានីតា បានសង្កត់ធ្ងន់ពីភាពចាស់ទុំរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ទទួលបានជោគជ័យត្រចះត្រចង់នាពេលកន្លងមក។ ផ្អែកលើបទពិសោធន៍នេះ សភាកម្ពុជានឹងអាចរៀបចំបានល្អប្រសើរទាំងការងារពិធីការ និងការដឹកជញ្ជូនស្នាក់នៅ ប្រកបដោយភាពរលូន។

តែទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវជោគជ័យដូចការគ្រោងទុក សភាកម្ពុជា និង WHO បានឯកភាពបង្កើត «ក្រុមការងារបច្ចេកទេសរួម» ដើម្បីតាមដាន និងរៀបចំខ្លឹមសារឱ្យមានសង្វាក់ការងារទៀងទាត់។ ចំពោះការងារផ្សព្វផ្សាយ ក៏ត្រូវបានបែងចែកភារកិច្ចច្បាស់លាស់ ដោយ WHO ទទួលបន្ទុកបណ្តាញព័ត៌មានអន្តរជាតិ ខណៈសភាកម្ពុជាពង្រឹងការផ្សព្វផ្សាយក្នុងស្រុកឱ្យបានទូលំទូលាយ។
សូមបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពដឹកនាំ ពិសេសលើការដោះស្រាយបញ្ហាជំងឺមិនឆ្លង (NCDs) និងសុខភាពផ្លូវចិត្ត។ ក្នុងនោះ ការត្រៀមលក្ខណៈដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅពេលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាកម្ពុជា ក្រោមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការជំរុញឱ្យ “សភាជាកម្លាំងចលករ” បម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕



-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ