ព័ត៌មាន
ទាហានជើងទឹកថៃចាប់អ្នកនេសាទខ្មែរបីនាក់នៅចម្ងាយជាង១៣គីឡូម៉ែត្រ ពីកោះយ៉ខេត្តកោះកុង ខណៈក្រសួងការបរទេសកម្ពុជាកំពុងទាមទារឱ្យមានការដោះលែងវិញជាបន្ទាន់
ទាហានជើងទឹកថៃមួយក្រុមប្រដាប់ដោយអាវុធបានចូលមកចាប់ទូក និងអ្នកនេសាទខ្មែរចំនួនបីនាក់ នៅតំបន់កោះយ៉ខេត្តកោះកុង នៃប្រទេសកម្ពុជា ខណៈការចាប់នេះត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកថាជាទង្វើរំលោភបំពានយ៉ាងច្បាស់ក្រលែតលើដែនអធិបតេយ្យ និងដែនទឹកកម្ពុជារួមទាំងបំពានច្បាប់អន្តរជាតិផង ហើយក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ា និងទាមទារឲ្យថៃធ្វើការដោះលែងពួកគេមកវិញជាបន្ទាន់ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសកម្មភាព របស់កងទ័ពជើងទឹកថៃ រួមទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំងការរឹបអូសនាវានេសាទរបស់ប្រជាពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល៧.២ម៉ៃល៍សមុទ្រ ស្មើនឹងជាង១៣គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងប្រទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងដែនទឹកកម្ពុជាព្រមទាំងច្បាប់អន្តរជាតិ។
យ៉ាងណាក៏ដោយកម្ពុជាសូមធ្វើការទាមទារឲ្យថៃដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេមកវិញជាបន្ទាន់ ហើយបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឲ្យសកម្មភាពបែបនេះកើតជាថ្មីទៀតនៅពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃ បានចូលមកចាប់ប្រជានេសាទខ្មែរ ដោយខុសច្បាប់ ដោយលើកទីមួយបានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៦កន្លងទៅប៉ុន្តែត្រូវបានដោះលែងមកវិញភ្លាមៗក្រោយមានការអន្តរាគមន៍ពីកងទ័ពជើងទឹកកម្ពុជា និងរដ្ឋបាលខេត្តកោះកុង៕



-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ