ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ស្ថិតនៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,០៨១ អង្គ/នាក់។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅវត្តព្រៃជុំ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពដ៏ច្បាស់លាស់នៃការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការតាមមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ក៏បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិនិងសមិទ្ធផលនានា ដែលសម្រេចបានក្នុងវត្តព្រៃជុំ ដើម្បីជូនឯកឧត្តម និងអង្គពិធីជ្រាបផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានរួមចំណែកដោយសទ្ធាជ្រះថ្លា ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្តព្រៃជុំ។ ឯកឧត្តមបានលើកឡើងថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការណ៍ដែលយើងអាចមកធ្វើបុណ្យ និងកសាងសមិទ្ធផលរួមគ្នានៅថ្ងៃនេះបាន គឺដោយសារការតស៊ូ លះបង់ និងពលិកម្មរបស់ថ្នាក់ដឹកនាំ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនជាតិ។ មូលដ្ឋានដ៏រឹងមាំនេះ បានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទាំងក្នុងការប្រកបរបរទទួលទាន និងការគោរពជំនឿសាសនា។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូរសប្បាយរុងរឿងសម្រាប់ប្រជាជនកម្ពុជា។
សូមជម្រាបថា កម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្ដីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣