Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបន្តសកម្មភាពការពារបូណភាពទឹកដី និងពលរដ្ឋ តាម​មធ្យោបាយ​សន្តិវិធី និងច្បាប់អន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងបន្ត សកម្ម​ភាព​ឥត​ឈប់ឈរទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាម​មធ្យោបាយ​សន្តិវធី និងផ្អែកលើច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅ​ថ្ងៃ​ទី​៩ ​ខែមីនា ឆ្នាំ២០២៦នេះ ដោយរម្លឹកឡើងវិញនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលធ្លាប់បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និង​ប្រជាជន​ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយ​ឈរ​លើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​នេះ ​រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ដោយឥតឈប់ឈរ និងដោយ​ប្រទាក់​ក្រឡា​គ្នាទាំងក្នុងនិងក្រៅប្រទេស តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារ​បូរណ​ភាព​ទឹក​ដី ​និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។

ឯកឧត្តម​អ្នកនាំពាក្យបន្តថា ជាក់ស្តែង​រាជ​រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បាន​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៀត​ដឹក​នាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ទៅ​ចូល​រួមសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូច​ជា​បំពេញ​បេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២ដល់ ទី៥ ខែ​មីនា ឆ្នាំ២០២៦។ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជាបានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើនដូចជា តំណាង​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​ក្នុង​វិស័យ​នានា និង​បណ្តា​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជាជាតិ។

ជំនួបពិភាក្សា​ទាំង​នោះផ្តោត​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង​ចែក​រម្លែកព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀត ដោយក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជម្រាបជូនដៃគូសន្ទនាអំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់​លើ​សិទ្ធិប្រ​ជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​ដែល​មិន​ទាន់​អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងដោយបន្លាលួស ទូរ​កុងតឺន័រ ឬការបំផ្លិចបំផ្លាញផ្ទះសម្បែង។

ឯកឧត្តមអ្នកនាំពាក្យបានរម្លឹកថា កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុង​សម័យ​ប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធ​ស្វីសដែរដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្ស​មិន​អាច​រីក​ចម្រើន​ប្រក​ប​ដោយ​ចីរភា​ព​បាន​ឡើយ​បើ​គ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូច​គ្នា​នេះ​ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការ​ពារ​សិទ្ធិ​មនុស្ស​ និងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និង​ច្បាប់អន្តរជាតិ។

ឯកឧត្តមបញ្ជាក់ថា ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជាពិសេស​វត្ត​មាន​កម្លាំង​យោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជា​ឧបសគ្គ​ចម្បង​ដល់​ការ​វិល​ត្រឡប់​របស់​ប្រជាជន​ស៊ីវិល​ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបាន​បញ្ជាក់​ជំហរ​របស់​កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការដែលបានឯកភាពគ្នា ដោយ​គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា នៅឯក្នុងប្រទេសឯណេះវិញ រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​វីរយុទ្ធជន​ជួរ​មុខ​ និង​ប្រជា​ពលរដ្ឋ​ភៀស​សឹក​។ ប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរ​ពាក់​ព័ន្ធ​សម្រប​សម្រួ​ល​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ជា​បន្ត​បន្ទាប់​ដោយ​ខិតខំ​ដោះ​ស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ ក៏ដូចជាជួយស្តាជីវភាព​របស់​ពួក​គេ​ឡើង​វិញ​។ រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត ៩៣% ហើយដែល​បាន​វិល​ត្រឡប់​ទៅ​ផ្ទះស​ម្បែងវិញក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់។

បើ​តាម​ឯកឧត្តមអ្នកនាំពាក្យ មកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង៤ម៉ឺន ៥ពាន់​នាក់​ទៀត​ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ។ ពួកគេ​ទទួលបាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខមាលភាព។ ជាក់ស្តែង ពួក​គេ​បាន​ទទួល​ជា​បណ្តើរៗ​នូវ​ជម្រក​បណ្តោះអា​សន្ន​ដែល​មាន​លក្ខណៈ​សមរម្យ​ដើ​ម្បី​ស្នាក់​នៅ​ក្នុ​ង​អំឡុង​ពេល​ដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែន​ជាមួយភាគី​ថៃ​តាម​មធ្យោបា​យ​ការ​ទូត​ដើម្បីកំ​ណត់​ខណ្ឌ​សីម៉ា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ច្បាស់​លាស់​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia