ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបង ណែនាំពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់
បាត់ដំបង៖ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអនុវត្តថ្លៃលក់ប្រេងឥន្ធនៈមិនដំឡើងថៃ្លខុសប្រក្រតី រដ្ឋបាលខេត្តបាត់ដំបង បានណែនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវចុះផ្សព្វផ្សាយ អប់រំណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ក្នុងមូលដ្ឋានឱ្យអនុវត្តបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់លើតម្លៃនៃការលក់ប្រេងឥន្ធនៈស្របតាមការជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំបន្ថែមដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋចូលរួមបង្ការ និងគ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ដើម្បីធានាបាននូវការសន្សំសំចៃ និងចៀសវាងដាច់ខាតនូវការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ដែលអាចប្រឈមនឹងការគ្រប់គ្រង និងប្រើប្រាស់ឥន្ធនៈដែលអាចបង្កឱ្យមានគ្រោះអាសន្ននានានាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
រដ្ឋបាលខេត្ត ជំរុញមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរព តាមគោលការណ៍តម្លៃលើទីផ្សារដោយមិនឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ទន្ទឹមនេះត្រូវស្រាវជ្រាវ និងត្រួតពិនិត្យរាល់ការក្លែងបន្លំយថាប្រភេទ និងបរិមាណពាក់ព័ន្ធនឹងអាជីវកម្មមិនសុច្ចរិត។ករណីម្ចាស់ទីតាំងស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយ អនុវត្តថ្លៃលក់ដំឡើងខុសប្រក្រតី ដោយផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កម្លាំងមានសមត្ថកិច្ច និងផ្នែកជំនាញ នឹងបិទទីតាំងទាំងអស់នោះព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់។
រដ្ឋបាលខេត្ត សង្កត់ធ្ងន់ថា ទទួលបានសេចក្ដីណែនាំនេះ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងមានសមត្ថកិច្ច ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។ករណីមានបញ្ហាមិនប្រក្រតីណាមួយត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីមានវិធានការ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣