ព័ត៌មាន
បច្ចុប្បន្នកម្ពុជារក្សាបានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងចំនួន ៤៦នៅទូទាំងពិភពលោក
ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា តួនាទីរបស់កម្ពុជា ជាតួអង្គប្រកបដោយបុរេសកម្ម និងគោរពច្បាប់នៅលើឆាកអន្តរជាតិ ខណៈតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបានពង្រីកទំនាក់ទំនងការទូតដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២៦។
សន្និបាតបូកសរុបលទ្ធផលការងារ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីសំណាក់ប្រធានបេសកកម្មកម្ពុជានៅបរទេស និងមន្ត្រីការទូតរបស់ក្រសួង។
ក្នុងឱកាសនោះដែរ តំណាងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញនិងចូលរួមក្នុងពិធីបើក និងពិធីបិទនៃ អង្គសន្និបាតផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការវិវត្តនៃតួនាទីរបស់កម្ពុជា ជាតួអង្គប្រកបដោយបុរេ សកម្ម និងគោរពច្បាប់នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងការទូតដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការ គាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើ ច្បាប់។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ក៏មានកិច្ចប្រជុំចង្អៀតដែលផ្តោតការពិភាក្សាលើការផ្លាស់ ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងផលបច្ច័យ ជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់អនាគត និងកាក សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាកំណែទម្រង់ផ្ទៃក្នុង សំដៅពង្រឹងធនធានមនុស្សនិងសមត្ថភាពស្ថាប័ន ដើម្បីតេដោយ បញ្ហាប្រឈមដែលកំពុងកើតមាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេស បុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើក កម្ពស់សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។ ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើជំហរជាគោលការណ៍របស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះព្រំដែន និងទំនាស់នានា ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំង លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នា ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ