ព័ត៌មាន
កម្ពុជា-ចក្រភពអង់គ្លេស ដាក់ឱ្យអនុវត្ត MoU ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU ដើម្បីធានាដល់ការពង្រីកកម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។
ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានឱ្យដឹងថា ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។
ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។
ឯកឧត្តមបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយ ឯកឧត្តមបញ្ជាក់ទៅកាន់ ឯកឧត្តម ឯកអគ្គរាជទូត ថា ភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនេះ ឯកឧត្តម វីល្លៀម ក៏បានបង្ហាញមោទនភាពចំពោះ “ភាពជាដៃគូ” នេះ ដែលឯកឧត្តមចាត់ទុកថាជា “ជំពូកថ្មីដ៏រំភើប” នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ