ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចាត់ទុកទឹកស្អាតជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកទឹកស្អាតជាកម្លាំងចលករដ៏មានសក្តានុពល ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម លើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលប៉ុន្មាន៣ទស្សវត្សរ៍ កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រែក្លាយជាសហគ្រាសសាធារណៈដ៏ជោគជ័យមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ចំពោះប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបច្ចេកទេសខ្ពស់។ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុបជាង ៥,៦ ពាន់គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួនជាង ៥៣ ម៉ឺនតំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តរក្សាភាពអនុលោមតាមស្តង់ដារ របស់អង្គការ សុខភាពពិភពលោក ទន្ទឹមនឹងនោះអត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាព ប្រតិបត្តិការ ខ្ពស់។ ឯកឧត្តម បន្ថែមថា វិស័យទឹកស្អាតមិនមែនមានតួនាទីត្រឹមតែជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងការរួមចំណែករបស់ឯកឧត្តម ឡុង ណារ៉ូ អតីតអគ្គនាយកដែល ទើបចូលនិវត្តន៍ និងត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការខិតខំប្រឹងប្រែងដឹកនាំ និងបម្រើស្ថាប័ននេះអស់រយៈពេល ៣៧ ឆ្នាំ។ ឯកឧត្តម ក៏បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់ អគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តពង្រឹងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខ្លួន ក្នុងនាមជា «រៀមច្បង» ក្នុងវិស័យនេះ មានមរតកសមិទ្ធផល និងសមត្ថភាព ដើម្បីជួយរែកពុនការអភិវឌ្ឍវិស័យទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា ឯកឧត្តម អ៊ិន សាកាន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសឯកឧត្តម ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍ និងត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច