ព័ត៌មាន
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត ខណៈឆ្នាំ២០២៧ខាងមុខនេះជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតប្រទេសទាំងពីរ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត ខណៈនៅឆ្នាំ២០២៧ខាងមុខនេះជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរហើយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។

ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាបែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។ ទន្ទឹមនេះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច