Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ ដើម្បីរំដោះជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៦ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក និងពិនិត្យស្ថានីយបូមទឹកលូ៥ ក្នុងខណ្ឌមានជ័យ និងស្ថានីយបូមទឹកបឹងតាម៉ាត ក្នុងខណ្ឌដង្កោ ដែលអនុវត្តដោយមន្ទីរសាធារណការដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយការងារស្ដារប្រឡាយ និងស្ថានីយបូមទឹកទាំងអស់ខាងលើធ្វើយ៉ាងណាដើម្បីបញ្ចៀសកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ថា ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ហើយផែនការនេះសុទ្ធតែជាកញ្ចប់ថវិកា និងប្រេងឥន្ធនៈរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នាឱកាសនៃការចុះពិនិត្យមើលឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។ ក្រុមការងារបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ។ សិក្សាដូរទីតាំងស្ថានីយបូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ បន្ថែមថា ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងការដាក់បំភ្លើសាធារណៈតាមផ្លូវស្របតាមប្រឡាយទួលពង្រ ក្នុងខណ្ឌពោធិសែនជ័យផងដែរ។

ប្រឡាយទួលពង្រមានប្រវែង ៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រប៉ុណ្ណោះ ដែលក្រុមការងារបាននិងកំពុងកាយបន្ត។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia