ព័ត៌មាន
សិស្ស NPIC មានសមត្ថភាពផលិតរ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិ ដើម្បីប្រើប្រាស់ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា
(ភ្នំពេញ)៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ផលិតរ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិ ដើម្បីប្រើប្រាស់ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា។
យុវជន ម៉េង ដេវីត ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ អាចប្រើប្រាស់ក្នុងការដឹកជញ្ជូនសម្ភារៈ ដឹកឯកសារ សម្ភារៈការិយាល័យក្នុងអគារ ឬក្រុមហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈនៅក្នុងភោជនីយដ្ឋានផងដែរ។
យុវជនរូបនេះបន្តថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ ត្រូវបានបំពាក់ប្រព័ន្ធចលនាជារបៀបឌីផេរ៉ង់ស្យែល ដែលមានកង់បើកបរចំនួនពីរ និងកង់ជំនួយចំនួនពីរសម្រាប់រក្សាលំនឹង។ ឧបករណ៍នេះ ក៏បានបំពាក់កុំព្យូទ័រដែលមានខួរក្បាល Jetson Orin Nano ប្រើសម្រាប់ដំណើរការទិន្នន័យ ដើម្បីអាចបញ្ជាឱ្យធ្វើសកម្មភាពបាន។
សម្រាប់ចំណង់ចំណូលចិត្តនៃការបង្កើតឧបករណ៍នេះ យុវជន ដេវីត បានបញ្ជាក់ថា៖«ខ្ញុំមានបំណងចង់សម្រួលការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជ្ជនីយដ្ឋាន ព្រោះរ៉ូបូតនេះ អាចដឹកជញ្ជូនសម្ភារៈទៅតម្រូវការ ហើយក៏ចង់បង្ហាញពីសមត្ថភាពកូនខ្មែរយើងក៏អាចធ្វើដូចបរទេសដែរ»។
ចំពោះមិត្តក្រុមម្នាក់ទៀតឈ្មោះ ស្មាន អាប់ឌុលឡាហ្សីក ក៏រៀនជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថាន NPICដែរ បាននិយាយថា រ៉ូបូតនេះ មានសមត្ថភាពដឹកនាំជញ្ជូនសម្ភារៈដោយស្វ័យប្រវត្តិទៅដល់ទីតាំងដែលបានកំណត់នៅក្នុងប្រព័ន្ធទិន្ន័យរបស់វា។ រ៉ូបូតនេះ ត្រូវបានបំពាក់កាមេរ៉ា RealSense D455f និងសេនស័រ IMU ដើម្បីអាចចាប់ ឬផ្ដល់រូបភាពក្នុងកម្រិតគុណភាពខ្ពស់ ព្រមទាំងអាចគេចចេញវត្ថុនានាដែលនៅខាងមុខវាផងដែរ។
យុវជនរូបនេះបញ្ជាក់ថា៖«រ៉ូបូតនេះ ក៏មានបំពាក់ដោយសេបស័រប្រភេទ SL LIDAR ដែលអាចចាប់សញ្ញានៅជុំវិញខ្លួនរបស់វា ដើម្បីវាស់ចម្ងាយគោលដៅដែលវាត្រូវទៅ ស្វែងរកឧបសគ្គ គេចចេញពីឧបសគ្គ និងជួយបង្កើតប្លង់ផ្សេងៗនៅជុំវិញខ្លួនរបស់វា។ ឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន»។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឧបករណ៍នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ ឧបករណ៍នេះអាចយកទៅប្រើប្រាស់បានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ ឬទីតាំងផ្សេងៗផងដែរ។
លោកបញ្ជាក់ថា៖«ស្នាដៃនេះ ជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការបង្កើត និងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាបរទេស។ ស្នាដៃរបស់សិស្ស NPIC មានច្រើនប្រភេទដែលបានបង្ហាញថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុងរួមចំណែកបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា»៕




-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា