ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»
(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។
ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងមុតមាំក្នុងការលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែនាំមកនូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែកំពុងកែប្រែប្រព័ន្ធផលិតកម្ម ទីផ្សារការងារ និងគំរូអាជីវកម្មជាដើម។ ទន្ទឹមនឹងឱកាសជាច្រើនដែល AI ផ្តល់ជូន វាក៏អាចបង្កហានិភ័យចំពោះការការពារទិន្នន័យផ្ទាល់ខ្លួន និងកម្មសិទ្ធិបញ្ញា ប្រសិនបើក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ចមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។
ទន្ទឹមនឹងនេះ ឯកឧត្ដមមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើនរបស់មនុស្ស ដែលវត្តមាន AI គឺដើម្បីបង្កើនសមត្ថភាពមនុស្ស មិនមែនជំនួសការងារមនុស្សនោះឡើយ។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារនៃរបាយការណ៍ដែលបានគូសបញ្ជាក់ថា អនាគតនៃការងារត្រូវតែផ្តោតលើមនុស្សជាចម្បង ដោយតម្រូវឱ្យមានស្ថាប័នដ៏រឹងមាំ កិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព និងការវិនិយោគលើមូលធនមនុស្ស។
ឯកឧត្តមបន្តថា សម្រាប់កម្ពុជា ការវិនិយោគលើជំនាញ ភាពអាចទទួលបានការងារ ផលិតភាព និងកិច្ចគាំពារសង្គម មិនមែនគ្រាន់តែជាគោលដៅនយោបាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជាបន្តវិនិយោគយ៉ាងខ្លាំងលើកម្មវិធី លើការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាល និងការបញ្ចូលសមត្ថភាពឌីជីថល កំពុងផ្តល់ជូនបងប្អូនកម្មករនិយោជិត ជាពិសេសយុវជន នូវជំនាញចាំបាច់ក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ បន្ថែមពីនេះ កម្ពុជាក៏ទទួលស្គាល់ដែរថា ការសិក្សាពេញមួយជីវិត ការពង្រឹងជំនាញឡើងវិញ និងការរៀនជំនាញថ្មីនឹងកាន់តែមានសារៈសំខាន់ក្នុងពេលនៃការផ្លាស់ប្តូរដ៏លឿននៃបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានចែករំលែកនូវលទ្ធផលការងារដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់កិច្ចសន្ទនាសង្គម ការកែលម្អលក្ខខណ្ឌការងារ ការគោរពនិងលើកកម្ពស់សិទ្ធិការងារ ការបណ្តុះបណ្តាលជំនាញ និងការដាក់ចេញគោលនយោបាយសំខាន់ៗ ដើម្បីផ្តល់លក្ខខណ្ឌអនុគ្រោះដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅក្នុងបរិបទ AI។ ក្នុងនាមជាប្រទេសឈានមុខមួយនៃការអនុវត្តគំនិតផ្តួចផ្តើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការងារប្រកបដោយផលិតភាព ការពន្លឿនការឈានចូលទៅក្នុងប្រព័ន្ធនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO រដ្ឋាភិបាល និយោជក កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រាកដថា AI ជួយកសាងអនាគតនៃការងារប្រកបដោយនវានុវត្តន៍ បរិយាបន្ន ភាពធន់ ការងារសមរម្យ និងឈរលើមូលដ្ឋានដ៏រឹងមាំនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គម។
ក្នុងកិច្ចពិភាក្សានេះ ប្រតិភូត្រីភាគីបានយកចិត្តទុកដាក់ចំពោះបទអន្តរាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ជាពិសេសការលើកឡើងថា បញ្ញាសិប្បនិម្មិតត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។ សារនេះបានឆ្លុះបញ្ចាំងពីទស្សនៈកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់អនាគតនៃការងារ តាមរយៈការវិនិយោគលើជំនាញ កិច្ចគាំពារសង្គម និងការងារសមរម្យ៕







-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា