Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស

ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ឋគ្រប់គ្រងដីជូនជនជាតិដើមភាគតិច​នៅ​​ព្រៃ​​សហគមន៍តាដេស ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សា​​ត់។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាព្រៃសហគមន៍តាដេស ដែលជាតំបន់គ្រប់គ្រងដោយរដ្ឋមានផ្ទៃដីសរុបប្រមាណ១០០ហិតា ដោយក្នុងជនជាតិដើមភាគតិចបានស្នើសូមគ្រប់គ្រងដីមួយចំនួនទុកជាកន្លែងគោរ​​ព​បូ​​​​ជា និងកន្លែងកប់សព ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅទីនេះ។ហើយបច្ចុប្បន្នក្រសួងបរិស្ថានកំពុងធ្វើការសម្របសម្រួលកំណាត់ទីតាំងដីដែល​ជន​ជាតិដើមភាគបានស្នើសូម។ ឯកឧត្តមបានបន្តថា ជនជាតិដើមភាគតិចរស់នៅទីនេះ បានចូលរួមចំណែកថែរក្សា និងការពារព្រៃឈើយ៉ាងសកម្មផងដែរ។

លោក សន សារឿន មេភូមិតាដេស បានលើកឡើងដែរ នៅភូមិនេះ មានជនជាតដើមភាគតិចំនួន២រួមមាន ព័រ និងជង ដែលជាទូទៅពួកគេគោរពតាមបែបបទប្រពៃណីគឺរូបី និងអរូបី ដូច្នេះហើយបានជាមានការស្នើ​​​សូមកំណាត់ដីសម្រាប់ទុកបូជាអារក្សព្រៃឈើ និងកប់សព។ លោកបន្តថា បើសិនការស្នើនេះទទួលបានជោគជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិ ជាពិសេសជនជាតិដើមភាគតិច និងខិតខំបន្ថែមទៀតការពារ និង​អ​​ភិរ​ក្សព្រៃឈើ។

លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍមូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើក​​ឡើ​ងដែរថា គម្រោងរេតបូកសំកុស បានចាប់ផ្តើមការងារអនុវត្តនៅចុង​ឆ្នាំ​​២​​០​​២៣ ​ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកអនុវត្ត ដោយផ្តោតទៅលើ២៧សហគមន៍ ស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ។ ដោយឡែក​​​នៅ​​ក្នុងភូមិតាដេស គម្រោងបានជួយជ្រោមជ្រែងប្រជាសហគមន៍ ជាពិសេស​ជ​​ន​​ជា​​តិ​​ដើមភាគតិចរស់នៅទីនេះឲ្យពួកគេទទួលបានសិទ្ធទីតាំងសក្ការ: និងទីតាំង​​កប់សព ដោយធ្វើការងារជាមួយក្រសួងបរិស្ថាន។

គួរបញ្ជាក់ដែរថា ព្រៃ​​សហគមន៍តាដេស ស្ថិតនៅភូមិតាដេស មានប្រជាព​​ល​​រ​ដ្ឋជាង២រយគ្រួសារ ក្នុងនោះជនជាតិដើមភាគតិចព័រចំនួន៣០គ្រួសារ និងជនជាតិដើម​ភា​​គ​​តិចជ​ងចំនួន៣៥គ្រួសារ ។ អត្ថបទ:ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia