សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» លើកដំបូង ក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» ។ វេទិកាធុរកិច្ចនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម ដោយមានការអញ្ជើញចូលរួមពី លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគមស្ថាប័ន ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូអ្នកវិនិយោគចិន និងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦០ ក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងពាណិជ្ជករកម្ពុជាជាច្រើនរូប ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា ចិន និងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជននៅកម្ពុជា។ វេទិកាធុរកិច្ចនេះបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ FairField by Marriot រាជធានីភ្នំពេញ។
ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមទទួលបន្ទុកធុរកិច្ច និងវិនិយោគ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូវិនិយោគិនចិនដែលដឹកនាំដោយ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគមជីហ្វា (GIFA) ព្រមទាំងតំណាងក្រុមហ៊ុនចិនទាំង៦០ក្រុមហ៊ុន ព្រមទាំងម្ចាស់ក្រុមហ៊ុនក្នុងស្រុក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ដែលបានចូលរួមវេទិកាកិច្ចធុរកិច្ចដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះញដែរឯកឧត្តម អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង និងជាអនុប្រធានក្រុមការងារធុរកិច្ច និងវិនិយោគ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ដែលបានខិតខំសម្របសម្រួលឱ្យព្រឹត្តិការណ៍នេះលេចរូបរាងឡើងក្នុងថ្ងៃនេះ។
ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី បញ្ជាក់ថា «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» នេះគឺជាព្រឹត្តិការណ៍សហប្រតិបត្តិការធុរកិច្ចលើកដំបូងដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន៤រួមមាន៖ ១.ឈ្វេងយល់ពីតួនាទីរបស់សមាគម ២.ឈ្វេងយល់ពីបរិយាកាសវិនិយោគ ៣.ឈ្វេងយល់ពីឱកាស និងសក្តានុពលនៃការវិនិយោគ ៤.បង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន តាមរយៈការផ្តល់ប្រាក់សោធននិវត្តន៍ ការថែទាំសុខភាព ការផ្តល់ដីធ្លី និងផ្ទះសម្បែង ដោយ “មិនបោះបង់អតីតយុទ្ធជនណាម្នាក់ចោលឡើយ”។ ឯកឧត្តមបានបន្ថែមថា វេទិកាធុរកិច្ចលើកទី១ នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតកាលានុវត្តភាពវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរឡើង។
លោក ឈី ហ្វាង (Qi Fang) ប្រធានប្រតិភូពាណិជ្ជករ និងជាសមាជិកក្រុមប្រឹក្សានៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី ថ្លែងថា «ការដែលរូបខ្ញុំ និងក្រុមសហគ្រិនចិន បានឈរនៅលើទឹកដីកម្ពុជានានៅពេលនេះ គឺមិនត្រឹមតែក្នុងនាមជាប្រធានប្រតិភូពាណិជ្ជករក្វាងស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺក្នុងនាមជាសមាជិកក្រុមប្រឹក្សានៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ីផងដែរ។ សមាគមយើងតែងតែលើកកម្ពស់ទង់នៃសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន។ តាមរយៈសកម្មភាពផ្លាស់ប្តូរមិត្តភាពលើគ្រប់វិស័យ និងគ្រប់កម្រិត យើងមានគោលបំណងបង្កើនការយល់ដឹង ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការទំនាក់ទំនងរវាងតំបន់ក្វាងស៊ី និងបណ្តាប្រទេសនៅលើពិភពលោក ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។