ព័ត៌មាន
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
ភ្នំពេញ៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈរាជធានី-ខេត្ត លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ។
ក្នុងឱកាសនេះ លោកជំទាវ សួស ស៊ីនួន បានថ្លែងអំណរគុណចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាអង្គការនៃអង្គការ (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក្នុងទិសដៅលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (GBVH) នៅកន្លែងការងារ សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។
លោកជំទាវបានគូសបញ្ជាក់ថា ការបង្កើតកន្លែងការងារប្រកបដោយសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានការបង្ការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។
លោកជំទាវ សួស ស៊ីនួន សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការកសាង បរិយាកាសការងារដែលមានសុវត្ថិភាព សមភាព បរិយាបន្ន និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងស្តង់ដាអន្តរជាតិខាងការងារ។
ជាមួយគ្នានេះ លោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដែលអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងការងារជាក់ស្តែង និងបន្តចែករំលែកដល់ភាគីពាក់ព័ន្ធផ្សេងទៀត។
លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣