ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។

លោកជំទាវបណ្ឌិត ក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។
ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន
១.ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។
២.អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។
៣.យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
៤.សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។
៥.ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរក្នុងបំណងការពារកុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងប្រទេសដទៃ។ ផងដែរ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕















-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M