ព័ត៌មាន
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ យានដ្ឋាន វណ្ណៈ ហេង ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
បើតាមសេក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការការបំពុលបរិយាកាសឱ្យបានត្រឹមត្រូវ បណ្តាលឱ្យអ័ព្ទថ្នាំលាប និងចំហាយសារធាតុគីមីគ្រោះថ្នាក់ភាយចេញដោយផ្ទាល់ទៅក្នុងបរិយាកាសជុំវិញ។ ការបំពុលនេះបានបង្កឱ្យមានក្លិនរំខាន ប៉ះពាល់ដល់គុណភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។
ក្រុមការងារត្រួតពិនិត្យក៏បានរកឃើញផងដែរថា យានដ្ឋាននេះមិនបានអនុវត្តតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្វគាំពារបរិស្ថាន ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។
ជាលទ្ធផល ក្រុមការងារបានសម្រេច បញ្ជាឱ្យផ្អាកជាបន្ទាន់នូវសកម្មភាពបាញ់ថ្នាំលាបរថយន្តទាំងអស់ រហូតដល់ម្ចាស់អាជីវកម្មអនុវត្តឱ្យបានពេញលេញតាមវិធានការបរិស្ថាន និងបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធ។
ថ្នាំលាបរថយន្តមានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយហួត (Volatile Organic Compounds – VOCs) សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និងភាគល្អិតតូចៗក្នុងបរិយាកាស។ ការប៉ះពាល់នឹងសារធាតុទាំងនេះអាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើម រលាកភ្នែក និងស្បែក ឈឺក្បាល វិលមុខ និងបញ្ហាសុខភាពផ្សេងៗ។ ការប៉ះពាល់រយៈពេលវែងអាចបង្កើនហានិភ័យនៃជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងជំងឺមហារីកមួយចំនួន។ លើសពីនេះ ការបញ្ចេញសារធាតុទាំងនេះដោយគ្មានការគ្រប់គ្រងក៏រួមចំណែកដល់ការបំពុលបរិយាកាស ការបំពុលដី និងប្រភពទឹក ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ជុំវិញផងដែរ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការការពារសុខភាពសាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យគ្រប់អាជីវកម្មអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពយ៉ាងពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន ព្រមទាំងអនុវត្តវិធានការបង្ការ និងកាត់បន្ថយការបំពុល ដើម្បីការពារសហគមន៍ និងបរិស្ថានជុំវិញ។
អាទិភាពរបស់ក្រសួង គឺជួយឱ្យប្រតិបត្តិករយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបរិស្ថាន។ ទោះជាយ៉ាងណា ក្នុងករណីដែលការរំលោភបំពានបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ឬបរិស្ថាន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយយុត្តិធម៌ តម្លាភាព និងស្មើភាព។
យើងជឿជាក់ថា ការការពារបរិស្ថាន និងការអភិវឌ្ឍអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អាចដើរទន្ទឹមគ្នាបាន។ តាមរយៈកិច្ចសហការ ស្មារតីទទួលខុសត្រូវ និងការគោរពច្បាប់ យើងអាចរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាប្រទេសស្អាត បៃតង និងមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣