ព័ត៌មាន
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រគល់ពានរង្វាន់ដល់សិស្សនិស្សិតជ័យលាភីចំនួន ៦រូប ចាប់ពីលេខ១ ដល់ លេខ ៥ ដែលបានឈ្នះការប្រកួតក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យ (ជ័យលាភីលេខ៥ មាននិស្សិតឈ្នះពីរនាក់) ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់?»។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បានថ្លែងក្នុងកម្មវិធីនេះថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ«យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
ឯកឧត្តម ថ្លែងទៀតថា ដើម្បីសម្រេចបានគោលដៅនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនមានសារសំខាន់ចាំបាច់មិនអាចខ្លះបាន ហើយ ការអភិវឌ្ឍន៍មូលធនមនុស្ស ត្រូវបានរាជរដ្ឋាភិបាលកំណតជាអាទិភាពខ្ពស់បំផុត និងត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ពីព្រោះមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ ប៉ុន្តែ ដើម្បីក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជាតិ ទាល់តែពលរដ្ឋគ្រប់រូប ផ្តើមចេញពីយុវជនជាមនុស្សដែលមានគុណភាពគឺមូលធនមនុស្សពិតប្រាកដ។

កញ្ញា ឆាន ភាតរៈ និស្សិតមកពីសាកលវិទ្យាល័យ ខេត្តស្វាយរៀង បានឈ្នះជ័យលាភីលេខ១ បានលើកឡើងពីប្រធានបទ«ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ខណៈដែល កញ្ញា ហី ចាន់នី និស្សិតឈ្នះជ័យលាភីលេខ២ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) បានបកស្រាយលើប្រធានបទ«ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន»។

ក្រុមនិស្សិតឈ្នះជ័យលាភីទាំងពីរនេះ បានបង្ហាញក្តីរីករាយ និងប្តេជ្ញាចិត្ត នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការខិតខំអភិវឌ្ឍន៍ឱ្យរីកចម្រើន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព។

ចំពោះ និស្សិតឈ្នះជ័យលាភីលេខ ៣ បានទៅ កញ្ញា ធា ចាន់រ៉ា មកពីសាកលវិទ្យាល័យសុខាភិបាល, និស្សិតជ័យលាភីលេខ ៤ បានទៅកញ្ញា សែម វីណា មកពី ពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កំពង់ចាម និង ជ័យលាភីលេខ ៥ បានទៅនិស្សិតពីររូប គឺលោក សាមិត្ត វិរៈបុត្រ មកសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងកញ្ញា យ៉ុម ពិដោ មកពី សាកលវិទ្យាល័យកម្ពុជា (UC)។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ មាននិស្សិតចូលរួមសរុបចំនួន ៤៩ រូប ចាប់ពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រដែលពួកគេមកពីសាកលវិទ្យាល័យចំនួន ១៥ នៃរាជធានី-ខេត្ត ។ និស្សិតដែលទទួលបានជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ ទទួលបានវិញ្ញាបនបត្រតាមលំដាប់មេដាយពីលេខ១ ដល់លេខ៥ រួមទាំងរង្វាន់ជាថវិកាលើកទឹកចិត្តមួយចំនួនផងដែរ៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣