ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រោយ កម្ពុជា-ចិន បានបញ្ចប់កិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ២+២» ជាមួយគ្នាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នា បង្កើនកម្រិតរៀបចំកិច្ចប្រជុំនៃ «យុទ្ធសាស្ត្រ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈចិន។
តាមរយៈសំណួរថា៖ រដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិកម្ពុជា បានជួបពិភាក្សាជាមួយសមភាគីចិន, តើកិច្ចប្រជុំនោះកើតឡើងដោយរបៀបណា? ហើយតើភាគីណាជាអ្នកផ្គួចផ្ដើមរៀបចំកិច្ចប្រជុំ ២ បូក ២ នេះ?
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កិច្ចប្រជុំនោះបានធ្វើឡើងដោយផ្អែកលើការឯកភាពដែលយើងមានជាមួយប្រទេសចិន។ នេះគឺជាកិច្ចពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរ។
សម្ដេចធិបតីបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំមុនបានផ្ដល់ទិសដៅជាក់លាក់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដូច្នេះកិច្ចប្រជុំក្នុងទម្រង់នេះ គឺជាវិធានការមួយ ក្នុងចំណោមវិធានការដ៏ទៃទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យឈានទៅមុខ។
សម្ដេចធិបតីបានបញ្ជាក់ថា៖«នៅឆ្នាំក្រោយយើងគ្រោងនឹងពង្រីកទៅជាយន្តការ ៣ បូក ៣ ដោយបន្ថែមការចូលរួមពីក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្ដិសុខសាធារណៈរបស់ប្រទេសចិន។ ទាំងនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការទូត វិស័យជាតិ និងសន្ដិសុខរបស់ប្រទេសទាំងពីរ»។
សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា យន្តការទាំងនេះនឹងបង្កើនការយកចិត្តទុកដាក់លើវិស័យដែលជាអាទិភាព។ សម្ដេចបន្តថា៖«មិនមានអ្វីទាស់ខុស ក្នុងការសង្គត់ធ្ងន់លើការយកចិត្តទុកដាក់ចំពោះវិស័យទាំងនេះទេ។ នេះគឺជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ កម្ពុជាក៏មានយន្តការទាំងនេះជាមួយប្រទេសឡាវ វៀតណាម និងប្រទេសដទៃទៀតផងដែរ។
សូមជម្រាបថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាថា យន្តការ «២+២» នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។
យោងតាមលទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
តាមរយៈសន្ទនាជាយុទ្ធសាស្ត្រ ២+២ នេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្រប សម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ៕

-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន7 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា