ព័ត៌មាន
ពលរដ្ឋគ្មានដីពិតប្រាកដចំនួន ៥៣៨គ្រួសារ ចាប់ឆ្នោតទទួលបានដី និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនពីរដ្ឋាភិបាល
ភ្នំពេញ៖ បន្ទាប់ពីចាប់ឆ្នោតទទួលបានលេខកាន់កាប់ដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារ នឹងទទួលបានកម្មសិទ្ធិផ្ទាល់ខ្លួន និងទៅរស់នៅទីតាំងដែលស្ថិតនៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ការទទួលបានជាកម្មសិទ្ធិកាន់កាប់នេះ ត្រូវបានធ្វើក្នុងពិធីចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះ ដែលរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. បានថ្លែងបើកក្នុងកម្មវិធីចាប់ឆ្នោតនេះថា ជាលទ្ធផលសម្រេចបាននាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាសម្តេចជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ជំនួសមុខឱ្យក្រុមគ្រសារអ្នកទទួលបានលេខដីឡូតិ៍និងផ្ទះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាសជ្រៅបំផុតជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី។
ឯកឧត្តម ថ្លែងទៀតថា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលគ្រោងនឹងទៅរស់នៅទីតាំងនោះ គឺ រដ្ឋបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការសាងសង់ផ្លូវមេ និងផ្លូវរង ដែលមានប្រវែងប្រមាណ ១២៥គីឡូម៉ែត្រ និងមានស្រះទឹកចំនួន៣០ កន្លែង ព្រមទាំង បានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង ដែលមានក្បាលដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា។ ដើម្បីធានាបាននូវតម្លាភាព សុក្រឹតភាព យុត្តិធម៌ និងភាពអាចជឿទុកចិត្តបានក្នុងការចាប់ឆ្នោត ផ.ក.អ. បានរៀបចំបន្ទះក្តារ ១១ផ្ទាំង ដោយ មួយផ្ទាំងៗមានឆ្នោតចំនួន៥០សន្លឹក និងផ្ទាំងចុងក្រោយមានចំនួន ៣៨សន្លឹក ដែលមានលេខដីឡូតិ៍ចាប់ពី លេខសម្គាល់ពី ២៦៣ ដល់លេខ៨០០ រួចចាក់ទៅក្នុងចុងបង្វិលសន្លឹកឆ្នោត និងចាប់ឆ្នោតដោយតំណាងរដ្ឋបាលខេត្តនីមួយៗ។ ការចាប់ឆ្នោតនេះត្រូវប្រព្រឹត្តទៅ រហូតដល់គ្រប់ចំនួនកំណត់ ៥៣៨សន្លឹកជាស្ថាពរ។
សូមបញ្ជាក់ថា កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពរបស់រាជរដ្ឋាភិបាល ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣ រួមមាន ទី១-ដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ ទី២-ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន និងទី៣-ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារព្រៃ និងអភិរក្សព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព៕
អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣