ព័ត៌មាន
កម្ពុជា និងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅវៀតណាម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តិការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម ក៏បានអបអរសាទរផងដែរចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាលើការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជូន ឯកឧត្តមប្រធានរដ្ឋ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសម្តេចនាឱកាសនេះ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ សម្តេចបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ចំពោះឯកឧត្តម ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាមឈានឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៤៥ ខាងមុខ។
សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលធំធេងជាច្រើនដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រេចបាន ក្នុងរយៈពេលចុងក្រោយនេះ ស្តែងចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ជាពិសេស ភាពជាអ្នកដឹកនាំរបស់ ឯកឧត្ដមអគ្គលេខាធិការបក្ស ដែលប្រកាន់ខ្ជាប់នូវអភិក្រមអភិបាលកិច្ចល្អ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងកំណែទម្រង់រដ្ឋបាលជាច្រើន ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាមហាអំណាចកណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងមានតួនាទីលេចធ្លោនៅលើឆាកតំបន់ និងអន្តរជាតិថែមទៀតផង។
សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋ អំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេច និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកមិញ ដោយនៅក្នុងនោះសម្តេចបានគូសបញ្ជាក់ពីការឯកភាពគ្នារវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ ក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របនឹងបរិបទជាក់ស្តែង ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ឯកឧត្តម តូ ឡឹម បានអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសនិងប្រទេស ក៏ដូចជារដ្ឋសភានៃប្រទេសទាំងពីរ។ ឯកឧត្តមបានរំលឹកដល់លទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម និងសម្តេចតេជោ មានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ទីក្រុងហូជីមិញ និងការកសាងបន្ទាត់ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ក្នុងនោះមានវិស័យពាណិជ្ជកម្ម ដូចជាវៀតណាមទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា និងវៀតណាម នៅក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន វៀតណាមមិនចង់ឃើញសហគមន៍នេះមានបញ្ហា និងអសន្តិសុខឡើយ។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីតួនាទីសំខាន់នៃការទូតសភា នៅក្នុងសភាពការណ៍ពិភពលោកដែលមានការប្រែប្រួល និងស្មុគស្មាញដូចជាពេលបច្ចុប្បន្ននេះ។ ការងារការទូតសភា ដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតិភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀងនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។
សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយមបើកចំហ ប្រកបដោយបរិយាបន្ន និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់មនុស្សជាតិទាំងមូល ព្រមទាំងរួមសហការគ្នាដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគុណតម្លៃនៃស្ថាប័នសកល ដែលពិតជាមានសារសំខាន់ និងចាំបាច់បំផុត៕








-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន