ព័ត៌មាន
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ការបោសសម្អាតមីន រំដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីលុបបំបាត់ផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីន និងការប្រែក្លាយដីគ្រោះថ្នាក់ទៅជាដីចម្ការប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានខិតខំជំរុញការងារនេះ ដោយប្រែក្លាយកម្ពុជាពីសង្គ្រាមមកជាប្រទេសមានសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមពីដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រទេសមិត្តដែលបានចូលរួមគាំទ្រក្នុងការងារនេះផងដែរ។
បើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ៕







-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត