Connect with us

ព័ត៌មាន

សម្ដេចធិបតី ឯកភាពជាគោលការណ៍៨ចំណុច ដើម្បីពន្លឿនដោះស្រាយបញ្ហាកកស្ទះការចេញបណ្ណដីធ្លី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៨ចំណុច ដើម្បីពន្លឿនលើការដោះស្រាយបញ្ហាកកស្ទះការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីថ្ងៃមុន សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការចេញបនដីធ្លីជូនប្រជាពលរដ្ឋមានការកកស្ទះនេះដែរ។ សម្ដេចធិបតីបញ្ជាក់ថា បញ្ហានេះមានកត្តាច្រើនដែលរដ្ឋាភិបាលត្រូវក្ដាប់ឱ្យជាប់ថាតើមូលហេតុអី ហើយត្រូវដាក់ចេញនូវបញ្ហាអ្វី។ សម្ដេចបន្តថា បញ្ហាកកស្ទះនេះ មិនមែនតែត្រឹមការវាស់វែង ចុះបញ្ជីទេ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញនូវការពន្លឿនលើការងារនេះ ក្នុងនោះកន្លងទៅក្រុមការងារក្រសួងសេដ្ឋកិច្ចក៏បានចុះសិក្សាលើបញ្ហានេះនៅទូទាំងប្រទេសដើម្បីដោះស្រាយផងដែរ។

ក្នុងនោះបញ្ហាទី១ គឺការគ្រប់គ្រងការចុះបញ្ជីដីធ្លីនៅមន្ទីរដែនដីរាជធានី-ខេត្តមិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចគ្រប់គ្រងនូវលំហូរឯកសារ និងទិន្នន័យរួមនៅឡើយដែលប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីប្រព័ន្ធភូមិបាល និងរដ្ឋបាលសុរិយោដីនៅតាមភូមិសាស្រ្ដរាជធានី ខេត្តធ្វើឱ្យថ្នាក់កណ្ដាលគ្រប់គ្រងទិន្នន័យ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយពិបាកយកទៅផ្ទៀងផ្ទាត់។ ជាដំណោះស្រាយ សម្ដេចធិបតី គឺត្រូវជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្ដាលឱ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យតាមប្រព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារដើម្បីងាយស្រួល និងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនីមួយៗឱ្យបានឆាប់។

បញ្ហាទី២ ម្ចាស់អចលនទ្រព្យមួយចំនួនមិនបានផ្ដល់ការសហការ ដោយឯកសារមួយចំនួនម្ចាស់អចលនទ្រព្យ មិនបានមកដកយកឯកសារដើម្បីបង់ប្រាក់ពន្ធដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យមិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្ដល់ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសុរិយោដីក៏ពុំសូវបានជំរុញកិច្ចការនេះជាមួយម្ចាស់អចលនទ្រព្យ។ សម្ដេចបញ្ជាក់ថា បញ្ហានេះជាដំណោះស្រាយ រដ្ឋបាលសុរិយោដី ត្រូវជំរុញការដោះស្រាយ ចុះបញ្ជីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យ និងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។

បញ្ហាទី៣ ប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្ដូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន ក្នុងករណីខ្លះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏អាចផ្ដល់កម្ចីដោយគ្រាន់តែមានបង្កាន់ដៃ ទទួលបណ្ណកម្មសិទ្ធិប្រើប្រាស់ជាឯកសារធានាកម្ចីដើម្បីដាក់ន្ទុកការខ្ចីនេះ ដែលនាំឱ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។ ក្នុងករណីនេះសម្ដេចធិបតីឱ្យក្រសួងដែនដី ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងធនាគារអាចធ្វើការផ្លាស់ប្ដូរបណ្ណ ឬឯកសារដែលជាប់បន្ទុក មកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឱ្យនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។

បញ្ហាទី៤ ឯកសារមួយចំនួនដែលមានដីកាអមរយៈពេលបីខែ ដែលមានកាលបរិច្ឆេទចេញពីមន្ទីរដែនដី រាជធានី ខេត្ត ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវស្មើ ១០០%នៃប្រាក់ពន្ធដែលនាំឱ្យម្ចាស់អចលនទ្រព្យ មួយចំនួនមិនមានលទ្ធភាពបង់ និងមួយចំនួនទៀត បានស្នើបញ្ជាក់ដីកាអមថ្មីឡើងវិញពីមន្ទីរដែនដី ដែលបញ្ហានេះធ្វើឱ្យយឺតយ៉ាវការងារ។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព ផ្ដល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវរងពិន័យស្មើ ១០០%នៃប្រាក់បង់ពន្ធដែលត្រូវបង់រហូតដល់បំណាច់ឆ្នាំ២០២៧។

បញ្ហាទី៥ ក្នុងនោះឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ និងពុំមានលិខិតបញ្ជាក់ ប្រវត្តិដី អាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណ។ សម្ដេចបន្តថា រឿងនេះកន្លងទៅជាបញ្ហាចោទមួយដែរ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ សម្ដេចបញ្ជាក់ថា ដីធ្លីណា ដែលបានលក់ដូរ បន្តម្ចាស់ច្រើនក៏ដោយ គិតចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ គឺអាចបង់ពន្ធតែមួយដងសម្រាប់អ្នកលក់ចុងក្រោយនេះតែម្ដង ដើម្បីកុំឱ្យពិបាកទៅសើរើឡើងវិញទៀត។

បញ្ហាទី៦ ករណីមួយចំនួន ម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិ កាន់កាប់បន្តដៃគ្នាច្រើនតំណ ប៉ុន្ដែក្រោយមក គាត់បានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសាវតានីមួយៗលើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់នោះមិនមានលិខិតអនុញ្ញាតសាងសង់ដែលជាឧបសគ្គនៅក្នុងការកកស្ទះ ដោយម្ចាស់ចុងក្រោយមិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណ។ ជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព សម្រេចអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចនទ្រព្យ ចំពោះសំណង់ដែលចាប់ផ្ដើមពីឆ្នាំដែលចាប់ផ្ដើមសាងសង់ជាក់ស្ដែងដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ចៀសជាងកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ដែលឱ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។

បញ្ហាទី៧ ករណីខ្លះទៀត ការចុះបញ្ជីកម្មសិទ្ធិដីធ្លីតម្រូវឱ្យម្ចាស់បង់សេវាសុរិយោដី និងសេវាផ្សេងៗស្របតាមប្រកាស អន្តរក្រសួងលេខ ១៨៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងដែនដី, ទោះបីជាករណីមួយចំនួនដែលមាន ឬពុំមានការបង់ពន្ធប្រថាប់ត្រាក៏ដោយដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ជាហេតុនាំឱ្យមានការកកស្ទះ, ឯកសារខ្លះទៀតពលរដ្ឋធ្លាប់ដាក់ស្នើសុំពីពេល មុន ក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសុរិយោដីនៅមានទាប ប៉ុន្ដែនីតិវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយរហូតដល់ប្រកាសអន្តរក្រសួងថ្មីដែលមានតម្លៃខ្ពស់ជាងដែលពលរដ្ឋពុំមានលទ្ធភាពបង់។ ជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព ឱ្យពិនិត្យមើលលទ្ធភាពនៅក្នុងការពន្យានូវការអនុវត្តកម្រៃសេវា តាមប្រកាសអន្តរក្រសួងលេខ ១៨៦ ឬផ្ដល់ការសម្រួលកម្រៃសេវាសុរិយោដីម្រិតទាបណាមួយដើម្បីពលរដ្ឋមានលទ្ធភាពបង់ និងអាចបន្តនីតិវិធីក្នុងការទទួលយកបណ្ណកម្មសិទ្ធិដីធ្លីបាន។

បញ្ហាទី៨ សម្រាប់វីរយុទ្ធជន វីរនគរបាលជាតិរបស់កម្ពុជាទាំងអស់, សម្ដេចធិបតី បានឯកភាពលើការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានប្រាក់ត្រូវបង់ពន្ធមិនលើស ២០លានរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិនដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមីថាពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញឱ្យក្រសួងដែនដី ធ្វើការចុះបញ្ចីដីធ្លីឱ្យចប់ត្រឹមឆ្នាំ២០២៦នេះ និងរៀបចំប្លងគោល ប្រើប្រាសដីសម្រាប់រយៈពេលវែងឱ្យបានចប់សព្វគ្រប់, ចំណែកការងារនគររូបនីយកម្ម ត្រូវសហការជិតស្និទ្ធ រៀបចំភូមិគំរូ បុរីជនបទផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia