ព័ត៌មាន
កម្ពុជាបញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើទោះថៃបន្តបង្កអរិភាព
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំវៀតណាម ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្ដិវិធីផ្អែកលើច្បាប់ បើទោះបីថៃ បន្តបង្កអរិភាពក៏ដោយ។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាសម្ដេចប្រធានរដ្ឋសភា បានប្រាប់ថ្នាក់ដឹកនាំវៀតណាម ពាក់ព័ន្ធការរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ មេដឹកនាំកំពូលរបស់វៀតណាម ដែលប្រធានរដ្ឋសភា បានជួបរួមមាន ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយសនី និងជាប្រធានរដ្ឋវៀតណាម , ឯកឧត្ដម ជិន ថាញ់មិញ ប្រធានរដ្ឋសភា និងឯកឧត្ដម ឡេ មិញហ៊ុង នាយករដ្ឋមន្រ្ដីវៀតណាម។
ឯកឧត្ដម អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានលើកយកបញ្ហាជម្លោះព្រំដែន ដែលថៃឈ្លានពានកម្ពុជា ប្រាប់ថ្នាក់ដឹកនាំវៀតណាម ថា បើទោះបីថៃ នៅតែបន្តបង្កអរិភាព តែរាជរដ្ឋាភិបាល នៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះ ដោយសន្ដិវិធីផ្អែកលើច្បាប់។ ហើយកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្ដរជាតិ។ ជាការឆ្លើយតប ថ្នាក់ដឹកនាំវៀតណាម បានជម្រាបប្រធានរដ្ឋសភាកម្ពុជា ថា វៀតណាម នឹងបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងរកបានដំណោះស្រាយដោយសន្ដិវិធី ដើម្បីស្ថិរភាព និងសន្ដិសុខតំបន់។

សូមជម្រាបជូនថា យោធាថៃ បានឈ្លានពានកម្ពុជា ចំនួន២លើក កាលពីឆ្នាំ២០២៥។ ហើយបើទោះបីពេលនេះប្រទេសកម្ពុជា និងថៃ រកបានបទឈប់បាញ់ គ្មានការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតាមព្រំដែន ប៉ុន្ដែយោធាថៃ នៅតែបន្តបង្កអរិភាព ដោយយកទូកុងតឺន័រ លួសបន្លា ព័ទ្ធយកដី យកផ្ទះរបស់ពលរដ្ឋខ្មែរ រារាំងដល់ពលរដ្ឋប្រមាណ២ម៉ឺននាក់ មិនទាន់អាចវិលទៅកាន់លំនៅឋានវិញ។ បើទោះបីយោធាថៃ បង្កអរិភាពបែបនេះក្ដី តែកម្ពុជានៅតែប្រកាន់ជំហរ ដោះស្រាយជម្លោះព្រំដែន ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ៕ អត្ថបទ៖ លៀ ស៊ីណា



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ