ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បីប្រសិទ្ធភាពការងារ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីទាំងអស់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់កិច្ចការងារប្រចាំថ្ងៃ ការប្រមូលទិន្នន័យ ការវិភាគព័ត៌មាន និងការរៀបចំសេចក្តីព្រាងរបាយការណ៍ និងណែនាំឱ្យធ្វើទំនើបកម្ម ដើម្បីផ្តល់ភាពងាយស្រួលក្នុងការអាន ការវិភាគ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើប្រធានបទរួមមាន៖ (១.) សេចក្ដីរាយការណ៍ លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ ក.ស.វ., (២). ការលើកកម្ពស់គុណភាព និងល្បឿន នៃរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន និងការពង្រឹងគុណភាព លើការផ្ដល់យោបល់ និងវាយ តម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និង (៣). បញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ.។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជា ក.ស.វ. បានខិតខំអនុវត្តការងារ បានលទ្ធផលជាច្រើន ប៉ុន្តែក៏នៅមាន បញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ។ ក្នុងន័យនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ ក.ស.វ. ដោយណែនាំឱ្យពន្លឿនការរៀបចំផែនការអភិវឌ្ឍស្ថាប័ន (IDP) ដើម្បីកំណត់ឱ្យបានច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងទិសដៅអភិវឌ្ឍស្ថាប័នរយៈពេលវែង ព្រមទាំងពិនិត្យ និងកំណត់នូវគុណតម្លៃរបស់ ក.ស.វ. ឱ្យស្របតាមគុណតម្លៃស្នូលទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួមមាន៖ (១). នីតិរដ្ឋ និងការការពារផលប្រយោជន៍សាធារណៈ (២). គុណាធិបតេយ្យ (៣). សាមគ្គីភាព និងបរិយាបន្ន និង (៤). វិជ្ជាជីវៈ និងក្រមសីលធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងល្បឿននៃការ រៀបចំរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ដោយណែនាំឱ្យរៀបចំក្របខ័ណ្ឌ សម្រាប់ការរៀបចំ របាយការណ៍ឱ្យមានភាពច្បាស់លាស់ ក្នុងនោះត្រូវបែងចែករបាយការណ៍ជាពីរប្រភេទសំខាន់ៗគឺ៖ (១). របាយការណ៍ពិនិត្យ និង តាមដាន និង (២). របាយការណ៍វិភាគយុទ្ធសាស្ត្រ។ ចំពោះរបាយការណ៍នីមួយៗ ត្រូវកំណត់ឱ្យបានច្បាស់អំពីគោលបំណង វិសាលភាពការងារ ប្រធានបទអាទិភាព វិធីសាស្ត្រអនុវត្ត ភាពញឹកញាប់នៃការចេញរបាយការណ៍ ព្រមទាំងធនធានផ្សេងៗ សម្រាប់ ការរៀបចំរបាយការណ៍នីមួយៗ ប្រកបដោយភាពច្បាស់លាស់ និងគុណភាព។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់កិច្ច ការងារប្រចាំថ្ងៃ ការប្រមូលទិន្នន័យ ការវិភាគព័ត៌មាន និងការរៀបចំសេចក្តីព្រាងរបាយការណ៍ និងណែនាំឱ្យធ្វើទំនើបកម្ម របៀបបង្ហាញ លទ្ធផលរបាយការណ៍ ដោយប្រើប្រាស់ Dashboard និង Infographic ដែលអាចសង្ខេប ព័ត៌មានសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការអាន ការវិភាគ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង