ព័ត៌មាន
ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ វិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ក៏ជាឱកាសអបអរសាទរខួប១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នាពេលកន្លងមក។
លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ក្នុងការវិនិយោគ ក៏ដូចជាផែនការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ, ការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ, ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតព្រឹត្តិការណ៍កីឡា, ពិព័រណ៍ និងសកម្មភាពផ្សេងៗ ដើម្បីបន្ថែមលើសក្តានុពលដែលមានស្រាប់ ដូចជា ការទស្សនាប្រាសាទបុរាណ និងវប្បធម៌ជាដើម។
ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Phoenix Voyages Group Limited បន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នេះឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕






-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB