ព័ត៌មាន
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍។
សម័យប្រជុំបានអនុម័តជាឯកច្ឆ័ន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ តាមសេចក្តីសម្រេចចិត្តដែលបានសម្រេចនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារ សម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ ស្តីពីវិធានការហាមឃាត់ និងទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយ ខុសច្បាប់ និងការអនុវត្តសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២១៩៩ (២០១៥) ២២៥៣ (២០១៥) និង ២៣៤៧ (២០១៧)។
សម័យប្រជុំក៏បានអំពាវនាវឱ្យរដ្ឋភាគី ដែលកំពុងមានជម្លោះ ធានានូវការការពារសម្បត្តិបេតិកភណ្ឌ និងបញ្ចៀសការប្រើប្រាស់តំបន់បេតិកភណ្ឌ សម្រាប់គោលដៅយោធា។
ថ្លែងក្នុងសម័យប្រជុំក្នុងនាមជាស្ថាប័នដៃគូរបស់អង្គការ UNESCO គណៈប្រតិភូបានគូសបញ្ជាក់ អំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតម្រូវឱ្យមាន ការទទួលខុសត្រូវ និងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិ។
គណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុង បេតិកភណ្ឌ (ancient sister city) ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបាន ជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។ដោយឡែកគណៈប្រតិភូថៃបានស្នើសុំឆ្លើយតបភ្លាមៗ ហើយប្រធានសម័យប្រជុំបានអនុញ្ញាត ឱ្យថ្លែងតែ ១នាទីប៉ុណ្ណោះ។
តំណាងគណៈប្រតិភូមិនហ៊ានឆ្លើយតបដោយត្រង់ទៅលើការបំពាន និង ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលបង្កឡើងដោយយោធាថៃកន្លងទៅនោះទេ ប៉ុន្តែបានថ្លែង ការពារខ្លួនថា ប្រទេសថៃផ្ដោតទៅលើការការពារតំបន់ទ្រនាប់ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូល មិនមែនតែតួប្រាសាទមួយផ្នែកទេ ក្នុងន័យទាមទារថា ប្រទេសថៃនៅតែមានចំណែកក្នុងការចូលរួម ការពារបេតិកភណ្ឌពិភពលោក និងបន្តសហការជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់៕






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង