ព័ត៌មាន
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវបានអាវុធហត្ថបញ្ជូនដល់ដំណាក់កាលអយ្យការហើយ
ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូជនសង្ស័យរូបនេះបានប្រើហិង្សាលើជនរងគ្រោះ២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នា ឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ៧នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបុទមវត្តី រហូតមកដល់ផ្លូវម្តុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយបញ្ជាឱ្យពួកខ្លួនឈប់ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយដោយសារតែភ័យខ្លាំងពេក ជនរងគ្រោះចេះតែបន្តជិះបត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួនពុំចាប់អារម្មណ៍ថា ពួកគេជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែបន្តជិះដេញតាមម៉ូតូរបស់ខ្លួន ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូតមកដល់ចំណុចម្តុំខាងមុខក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេលខ្លួនឈប់ម៉ូតូភ្លាម ស្រាប់តែពួកគេចូលមកវាយទាត់ធាក់លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យបាត់បង់ស្មារតី ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយខ្លួនពុំដឹងថា រងរបួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះ ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់ធាក់មកលើជនរងគ្រោះ ទើបជនរងគ្រោះដឹងថាពួកគេពុំមែនជាសមត្ថកិច្ចឡើយ ហើយពេលឪពុកម្តាយរបស់ខ្លួនបានដឹងរឿងនេះក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីព្យាបាលរបួស។
អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រតនៈ ពិសាល បានបញ្ជាក់ថា រូបគេនិងបក្ខពួក២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរសិស្សសាលាឥន្ទ្រទេវី ដំបូងឡើយបានអង្គុយជជែកគ្នាលេងនៅវិមានឯករាជ្យរហូតដល់ម៉ោងប្រហែល២យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកគេបានជិះចេញពីវិមានឯករាជ្យដល់កែងវត្តបុទុមក៏បានឃើញសមត្ថកិច្ចកំពុងដេញចាប់ក្មេងមួយក្រុមដោយម៉ូតូសមត្ថកិច្ចមានបើកសារ៉ែនរោទិ៍ ពេលពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញដូច្នោះ រតនៈ ពិសាល និងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែពួកវាមិនឈប់នោះទេ ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ រតនៈ ពិសាល បានជិះគៀរឱ្យដួលទៅលើខឿនផ្លូវ ហើយ រតនៈ ពិសាល ក៏បានឈប់ម៉ូតូ ដើរចូលទៅទះមួយកំផ្លៀង និងទាត់មួយជើងចំកណ្តាលមុខដួលប្រកាច់លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និងឱ្យរូបគេជួយជូនជនរងគ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុកឱ្យគាត់ជូនទៅផ្ទះវិញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល រតនៈ ពិសាល បានឃើញសារព័ត៌មានកំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿងហេតុការណ៍ដែលខ្លួនវាយគេ ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ រតនៈ ពិសាល បានធ្វើការចរចាគ្នាជាមួយជនរងគ្រោះ ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែខ្លួនសុំសងថ្លៃព្យាបាលតែ ៥ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិនស៊ីសង្វាក់ជាមួយពាក្យបណ្តឹងរបស់ជនរងគ្រោះក៏ដោយ វីដេអូហិង្សាដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺជាភស្តុតាងបញ្ជាក់ថា ជនសង្ស័យ រតនៈ ពិសាល មានបទល្មើសយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
ដោយឡែក ជនសង្ស័យម្នាក់ទៀត ដែលជាក្រុមជាមួយ រតនៈ ពិសាល ក៏ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ដែរ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ សែច័ន្ទ សេង ហៅ សេង អាយុ ១៧ឆ្នាំ ដោយចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ក្នុងពេលធ្វើសកម្មភាព។ ចំពោះករណីនេះសមត្ថកិច្ចក៏កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ តារាវុទ្ធី




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ